| |

ហុងកុងបញ្ជូនក្រុមការងារទៅប្រទេសថៃ ដើម្បីស៊ើបអង្កេតលើការកើនឡើងនៃករណីជួញ និងដូរឆបោកតាមប្រព័ន្ធអ៉ីនធឺណេត


ក្រុមមន្ត្រីសន្តិសុខបាននិយាយថា ទីក្រុងហុងកុងបានដាក់ពង្រាយក្រុមការងារទៅកាន់ប្រទេសថៃកាលពីថ្ងៃអាទិត្យ (១២ មករា) ដើម្បីជួបជាមួយមន្ត្រីសន្តិសុខ និងតាមដានករណីដែលពាក់ព័ន្ធនឹងជនជាតិចិនដែលត្រូវបានល្បួងទៅប្រទេសអាស៊ីអាគ្នេយ៍ និងបង្ខំឱ្យធ្វើការខុសច្បាប់។

ប្រតិបត្តិការនេះបានកើតឡើងបន្ទាប់ពីការបាត់ខ្លួនរបស់តារាសម្ដែងចិន Wang Xing នៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមករា ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។

ការិយាល័យសន្តិសុខរបស់ហុងកុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ២០២៤ ប្រជាជនហុងកុងកាន់តែច្រើនត្រូវបានគេសង្ស័យថាត្រូវបានទាក់ទាញឱ្យទៅប្រទេសអាស៊ីអាគ្នេយ៍ឱ្យធ្វើការក្នុងលក្ខខណ្ឌដូចទាសករនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏ល្បីល្បាញ។

ភ្នាក់ងារអនុវត្តច្បាប់បាននិយាយថា ពួកគេបានទទួលសំណើប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ ចំនួន ២៨ ករណី ដែលស្នើជំនួយ។ ក្នុងនោះមាន ១៦នាក់បានត្រឡប់មកវិញហើយ។ ប្រភពដដែលបានបន្តថា ករណីដែលនៅសល់ចំនួន ១២ បានបង្កក្ដីបារម្ភ ប៉ុន្តែចុងក្រោយពួកគេមានសុវត្ថិភាព និងអាចទាក់ទងគ្រួសារបាន។

សមាជិកនៃក្រុមការងាររបស់ហុងកុងនឹងជួបជាមួយមន្ត្រីមកពីស្ថានទូតចិនប្រចាំប្រទេសថៃ ក៏ដូចជាអាជ្ញាធរថៃដែលពាក់ព័ន្ធផងដែរ។ ពួកគេនឹង “ផ្លាស់ប្តូរការស៊ើបការណ៍សម្ងាត់ និងស្នើសុំអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយតាមដែលអាចធ្វើទៅបាន ក្នុងការជួយសង្គ្រោះអ្នកដែលកំពុងត្រូវការជំនួយទាំងនោះ”៕

ប្រភព៖ CNA