ភ្ញៀវទេសចរក្នុងខេត្តសៀមរាបកើនឡើងប្រមាណ ៩.៧៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ក្នុងថ្ងៃចូលឆ្នាំសកល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃផ្លាស់ប្តូរឆ្នាំចាស់ ចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តនៅខេត្តសៀមរាបមានចំនួនប្រមាណ ៣៣៣ ៦៦០នាក់ មានការកើនឡើងប្រមាណ ៩.៧៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ក្នុងចំណោមភ្ញៀវទេសចរប្រមាណ ៣៣៣ ៦៦០នាក់ នេះ មានទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបឆ្នាំ២០២៣។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ២០២៤ បានធ្វើឱ្យកំណើន នៃភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើង។ ជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ គណៈអភិបាលខេត្តសៀមរាប បានពង្រីកវិសាលភាព នៃទីកន្លែងកម្សាន្ត ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋអាចដេីរកម្សាន្តសប្បាយនៅពេលរាត្រី រដ្ឋបាលខេត្តសៀមរាប បានរៀបចំកន្លែងទស្សនាកម្សាន្តនៅដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ដោយរៀបចំនូវទស្សនីភាព (ទឹករាំតាមចង្វាក់ភ្លេង) ដោយមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ មកទស្សនាកម្សាន្តយ៉ាងច្រើនផងដែរ៕