បេក្ខជនចំនួន ៥,៦៩៤នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នារសៀលនេះ


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) បានចាប់ផ្តើម ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងតំណាងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា ព្រមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

នៅក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលនេះ មានបេក្ខជនចំនួន ៥,៦៩៤នាក់ (ស្រី ៣,៣៧៤នាក់)។

ការប្រឡងនេះនឹងប្រព្រឹត្តទៅមានចំនួន ៣ដំណាក់កាល។ ចំពោះបេក្ខជនដែលប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២។

សូមជម្រាបជូនថាក្នុងការប្រឡងប្រជែងនេះ បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ សម្រាប់មុខតំណែងមានដូចជា៖ មុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង (២)ជំនាញពន្ធដានិងឯកទេស មានរយៈពេល ២ម៉ោង (ចាប់ផ្តើមពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី)។
មុខតំណែងក្នុងឧបសម្ព័ន្ធទី២៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង (២)ជំនាញពន្ធដានិងគណនេយ្យ មានរយៈពេល ២ម៉ោង (ចាប់ផ្តើមពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី)។