ការពារ COVID-១៩ តែកុំភ្លេចរឿងគ្រុនឈាម
អត្ថបទ៖ Vann Visa
យើងសង្កេតឃើញថា នៅសល់មិនច្រើនថ្ងៃទៀតទេ រដូវវស្សានឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ប្រភពនៃជំងឺគ្រុនឈាមក៏នឹងអាចកើតឡើងស្របពេលជាមួយគ្នានោះដែរ។ តើប្រភពនៃជំងឺគ្រុនឈាមនេះ កើតឡើងដោយសារកត្តាអ្វីខ្លះ?
ទោះបីជាកម្ពុជានៃយើងកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងមានការបិទខ្ទប់(Lock down) តំបន់ខ្លះនៅក្នុងប្រទេសចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលត្បាតនៃជំងឺឆ្លងដ៏កាចសាហាវនេះយ៉ាងណាក្តី រឿងដ៏ចម្បងមួយទៀតក្នុងនាមជាអាណាព្យាបាល ឬ ឪពុកម្ដាយគប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះសុខភាពរបស់សមាជិកគ្រួសារ ពិសេសកុមារតូចៗ និងជនចាស់ជរាពីការរាតត្បាតនៃជំងឺគ្រុនឈាមក្នុងអំឡុងពេលរដូវវស្សាខាងមុខនេះ។
ជំងឺគ្រុនឈាមត្រូវបានបង្កឡើងដោយវីរុសប្រភេទ Aedes aegypti តាមរយៈមូសញីខាំ។ ជំងឺនេះតែងតែកើតឡើងនៅតាមតំបន់ត្រូពិច ដែលទទួលរងឥទ្ធិពលនៃភ្លៀងធ្លាក់ បម្រែបម្រួលសីតុណ្ហភាព និងនៅទីកន្លែងដែលកង្វះអនាម័យ។
ជំងឺគ្រុនឈាមអាចកើតចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ជំងឺនេះភាគច្រើនកើតនៅលើក្មេងអាយុតិចជាង១៥ឆ្នាំ។ កុមារនៅចន្លោះពីអាយុ៥ ទៅ៩ឆ្នាំ គឺជាក្រុមដែលងាយនឹងកើតជំងឺគ្រុនឈាមច្រើនជាងគេ ដោយសារតែក្មេងនៅចន្លោះអាយុនេះ ពួកគេមិនទាន់អាចមើលថែខ្លួនឯងបាន បូកផ្សំជាមួយការកង្វះនូវការយកចិត្តទុកដាក់ ឬមើលថែដិតដល់ពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ។ ចំណែកឯកុមារដែលស្ថិតក្នុងចន្លោះអាយុពី១ ទៅ៤ឆ្នាំ គឺជាក្រុមដែលមានហានិភ័យខ្ពស់លំដាប់ទីពីរ។
ចំពោះអាការៈនៃការកើតជងឺគ្រុនឈាមមានដូចជា៖ កម្ដៅ៤០អង្សារសេ គ្រាប់ភ្នែកឡើងក្រហម ក្អួតចង្អោរ ឈឺសន្លាក់ អស់កម្លាំង និងមានស្នាមកន្ទួលក្រហមនៅលើស្បែកជាដើម។
យោងតាមរបាយការណ៍ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួនអ្នកកើតជំងឺគ្រុនឈាមមានចំនួនសរុប ១៣.៨៤៣ករណី/២៤ស្លាប់(អត្រាស្លាប់០,២%) មានន័យថាប្រហែល៥ដងកើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលមានតែ២.៥៣០ករណី/៧នាក់ស្លាប់។ ចំណែកឯឆ្នាំ២០២០កន្លងទៅថ្មីៗនេះ អត្រានៃការកើតជំងឺគ្រុនឈាម គឺត្រូវបានធ្លាក់ចុះប្រមាណ៨៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។
បើទោះបីជាស្ថិតិនៃអ្នកឆ្លង និងស្លាប់តាមបណ្តាឆ្នាំកន្លងទៅមានការថមថយយ៉ាងណាក៏ដោយ ឪពុកម្តាយ ឬអាណាព្យាបាលក៏មិនត្រូវធ្វេសប្រហែសពេកនោះដែរ។
ការបង្ការពីជំងឺគ្រុនឈាមត្រូវបានធ្វើឡើងតាមវិធីងាយៗខាងក្រោម៖
យើងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះដែលជាជម្រកមូសដូចជា៖ កន្លែងដែលមានទឹកដក់ ព្រៃដើមផ្កាដែលស្ដុកនៅជុំវិញគេហដ្ឋាន ដាក់ថ្នាំសម្លាប់ដង្កូវទឹក និងគេងមុងច្រលក់ថ្នាំជាដើម។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នារួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ដោយការគោរពតាមគោលការណ៍ និងសេចក្តីណែនាំផ្សេងៗដែលត្រូវបានដាក់ចេញបន្តបន្ទាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល។
យ៉ាងណាមិញបងប្អូនក៏កុំភ្លេចនូវការការពារខ្លួនពីជំងឺគ្រុនឈាមផងដែរ។