|

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ ចាត់ទុករឿងក្ដីរបស់ឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌


ករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា)បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដែលថ្កោលទោសយ៉ាងខ្លាំងចំពោះឃាតកម្មដ៏សាហាវឃោរឃៅនេះ។

ថ្មីៗនេះ ក្រុមគ្រួសារជនរងគ្រោះទទួលបានយុត្តិធម៌ ដោយសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ក្តីរឿងនេះ ដោយសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ ដែលសរុបទាំង ៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ, អ្នករងរបួសធ្ងន់ចំនួន ៣០ ម៉ឺនដុល្លារ និង អ្នករងគ្រោះស្រាលចំនួន ២០ ម៉ឺនដុល្លារ។

ជុំវិញករណីនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា «សម្រាប់ខ្ញុំ, នេះ អាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការ មិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែ ថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១ លានដុល្លារ ក្នុងមួយគ្រួសារ។ ខ្ញុំគិតថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការសម្រេចសេចក្តីនេះ គឺ ៖ (ទី១). “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការ ត្រូវប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែ ភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វីដែលច្បាប់ជាធរមានបានកំណត់ ដើម្បីផ្តល់យុត្តិធម៌តាមច្បាប់ជូនដល់ជនរងគ្រោះ និង (ទី២). “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តី ទាំងលើការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ទាំងលើការសងសំណងជំងឺចិត្ត ១ លានដុល្លារ ដែលជាសំណងដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិនៃការកាត់ក្តីទាក់ទងនឹងរឿងឃាតកម្ម។ ជាការពិត, សំណងដល់ ១ លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតមិនអាចកាត់ថ្លៃបានរបស់យុវជនទាំងពីររូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែ នេះ ជាអ្វីដែល “យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ ផ្អែកតាម “គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និង បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ ខ្ញុំសូមបញ្ជាក់ជូនថា “គោលការណ៍សមទណ្ឌោ” នេះ ជាគោលការណ៍មួយនៅក្នុង ពាក្យសច្ចាប្រណិធានដែលចៅក្រមទាំងអស់ ត្រូវស្បថមុនចូលកាន់តំណែង។

ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ដែលទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី លើរឿងនេះតាំងពីដំណាក់កាលដំបូង, ខ្ញុំនឹងបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះជាបន្តទៀត មិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែ នឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេស គឺ អ្វីដែលខ្ញុំបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅនេះក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។ ខ្ញុំក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ។»