|

សន្លឹកកិច្ចការ ៤,៨៨៤ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមកែនៅព្រឹកនេះ


ព្រឹកនេះ សន្លឹកកិច្ចការរបស់បេក្ខជន១,៦២៨នាក់ ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ចំនួន ៤,៨៨៤ច្បាប់ កំពុងស្ថិតក្នុងដំណាក់កាលកំណែ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។​​ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញមានវត្តមាន ចុះពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៣​​ និង២៤ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។

សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:៣០នាទីព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ដោយមានការចូលរួមពីពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕