ឯកឧត្តម នួន ផារ័ត្ន នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន ២៥០គ្រួសារ ដែលមកពី ២សង្កាត់ ក្នុងក្រុងស្ទឹងសែន
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន ២៥០គ្រួសារ ដែលមកពីសង្កាត់ដំរីជាន់ខ្លា ចំនួន ២០០គ្រួសារ និងសង្កាត់កំពង់រទេះ ចំនួន ៥០គ្រួសារ នៅបរិវេណសាលាក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
ឯកឧត្តមបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច និងថ្នាក់ដឹកនាំខេត្តផងដែរ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ទាំងនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ដោយសារតែបច្ចុប្បន្នអាកាសធាតុ មានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សវ័យចំណាស់ ត្រូវចេះការពារ និងថែរក្សាសុខភាពឱ្យបានល្អ នារដូវត្រជាក់នេះ ជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ។
គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២៥០គ្រួសារ នៅពេលនេះ ក្នុង ១គ្រួសារទទួលបាននូវ៖ អង្ករ ត្រីខ ភួយ ទឹកស៊ីអ៊ីវ និងឃីតផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ