វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការស្វែងយល់ និងការប្រើប្រាស់បច្ចេកវិទ្យា E-Beam និង X-Ray សម្រាប់ការអភិវឌ្ឍពហុវិស័យ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយការិយាល័យប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីអ្នកជំនាញ និងសិក្ខាកាមចម្រុះ តំណាងក្រសួង-ស្ថាប័ន មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ សិក្ខាសាលាក៏ផ្តល់ជាវេទិកាសម្រាប់កិច្ចសហការ ដោយផ្សារភ្ជាប់នវានុវត្តន៍ ជាមួយនឹងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា E-beam និង X-ray ដែលបម្រើប្រយោជន៍សង្គម។