សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋនឹងធ្វើផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ក្រោយពីអគ្គិភ័យលេបត្របាក់កាលពីពេលថ្មីៗនេះ
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទិ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ករណីឆេះផ្សារបឹងឈូកកាលពីពេលកន្លងទៅនេះ អ្នកអភិវឌ្ឍផ្សារមិនមានលទ្ធភាពកសាងឡើងវិញទេ ដែលនាំឱ្យអាជីវករដែលមានតូប ឬអ្នកជួល ដែលរងគ្រោះ អូសបន្លាយពេលយូរមិនបានលក់ដូរបន្ត ។
សម្ដេចបានបញ្ជាក់បន្ថែមថា រដ្ឋនឹងកសាងផ្សារបឹងឈូកឡើងវិញ ដោយបងប្អូនអាជីវករនឹងអាចលក់ដូរជាបន្តតកូនតចៅតែម្តង។ បើតាមការលើកឡើងរបស់សម្ដេចធិបតី គម្រោងកសាងផ្សារបឹងឈូកឡើងវិញ អាចប្រើរយៈពេលប្រមាណ៤ខែ។
គួររំឭកផងដែរថា ទីតាំងផ្សារបឹងឈូកនេះស្ថិតក្នុងក្រុម ទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងអំពីថ្មកម្ពស់២ជាន់ និងត្រូវបានអគ្គិភ័យលេបត្របាក់កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕