|

ព្រឹកនេះ កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ទាំង ៤ក្របខណ្ឌ ចាប់ផ្តើម


ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ទាំង ៤ក្របខណ្ឌ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ, មន្ត្រីនៃអគ្គយកដ្ឋានរតនាគារជាតិ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងប្រសិទ្ធភាព នៃការកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា ការចុះពិនិត្យការកែសន្លឹកព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ និងអ្នកសង្កេតការណ៍តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសកលវិទ្យាល័យ និងមហាជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។