បេក្ខជនជាង ២ ពាន់នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងជាង ៨ ពាន់នាក់ ចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រី ក្នុងថ្ងៃនេះ!
ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលចំនួន ៥០កន្លែង បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាលចំនួន ១៨០កន្លែង នឹងប្រព្រឹត្តទៅ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ មានបេក្ខជនដាក់ពាក្យស្នើសុំប្រឡងក្នុងប្រព័ន្ធ សរុបចំនួន ៥០១២ នាក់ ក្នុងនោះបេក្ខជនដែលមានសិទ្ធិប្រឡងសរុប ចំនួន ២៧២៥ នាក់/ស្រ្តីចំនួន ១០៧៦ នាក់។ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ មានបេក្ខជនដាក់ពាក្យស្នើសុំប្រឡងក្នុងប្រព័ន្ធ សរុបចំនួន ១៥,១២១ នាក់ ក្នុងនោះបេក្ខជនដែលមានសិទ្ធិប្រឡងសរុប ចំនួន ៨១៧៣ នាក់/ស្រ្តីចំនួន ៤១៤១ នាក់។
ក្នុងចំណោមបេក្ខជនប្រឡងទាំងពីរក្របខណ្ឌ ដែលអាចឆ្លងផុតការប្រឡងលើកទី១ នឹងត្រូវបានសម្រាំងជ្រើសរើសសម្រាប់ចូលរួមក្នុងដំណើរការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២ ជាបន្ត។
គួរបញ្ជាក់ថា គ្រប់ជំហ៊ាននៃដំណើរការតាកើតែងវិញ្ញាសា និងដំណាក់កាលកំណែសន្លឹកកិច្ចការបេក្ខជនត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ យ៉ាងយកចិត្តទុកដាក់ ដោយវត្តមានអ្នកសង្កេតការណ៍ និងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជន ដើម្បីធានាថាការប្រឡងប្រជែងប្រព្រឹត្តទៅតាមគោលកាណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន និងប្រសិទ្ធភាព៕