|

ត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយហើយឬនៅ? ពិធីបុណ្យអុំទូកឆ្នាំនេះមានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង និងចំណុះទូកជាង២ម៉ឺននាក់


បើតាមការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិចនិងអ្នកជំងឺ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០២៤នេះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង, ចំណុះទូកជាង២ម៉ឺននាក់, ប្រទីបចំនួន៣៦ប្រទីប, ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗ ចំនួន១០កន្លែង។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមនាយឧត្តមសេនីយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ចាក់ថា ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធានាថា ព្រះរាជពិធីបុណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ក្រោមម្លប់សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ។ ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ដែលមានតួនាទីភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ពោលត្រូវធានាដល់ព្រះរាជសុវត្ថិភាពអង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និងមហាជនដែលអញ្ជើញមកពីបណ្តាខេត្តទូទាំងប្រទេសអញ្ជើញចូលរួមអបអរសាទរកម្សាន្ដសប្បាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវបទបញ្ជា ក៏ដូចជាការណែនាំដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការរួម ពោលធានាឲ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងធានាព្រះរាជសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ សុវត្ថិភាពជូនសម្ដេច និងឥស្សរជនជាន់ខ្ពស់ ក្នុងព្រះរាជពិធីនេះ ដោយប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប សំដៅធានាដល់កិច្ចសហការការពារសុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤។ បន្ថែមពីនេះ ត្រូវពង្រឹងកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។

ប្រភព: ក្រសួងមហាផ្ទៃ