|

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើឱ្យភាគីកម្ពុជា និងម៉ាឡេស៊ី ពិចារណាបង្កើតអនុស្សរណៈលើវិស័យសន្តិសុខ


ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតថ្មីនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដោយភាគីទាំងពីរយល់ឃើញដូចគ្នានូវភាពចាំបាច់នៃការផ្ដល់កិច្ចសហការខ្ពស់ ដើម្បីប្រឆាំងបញ្ហាតំបន់ និងសកលមួយនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យភាគីទាំងពីរកម្ពុជា និងម៉ាឡេស៊ី ពិចារណាបង្កើតអនុស្សរណៈលើវិស័យសន្តិសុខ និងបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរបទពិសោធន៍កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធានក្នុងជួរកងកម្លាំងលើជំនាញរួម និងប្រហាក់ប្រហែលគ្នាឱ្យបានកាន់តែល្អប្រសើរថែមទៀត ស្របពេលដែលបទល្មើសក្នុងសង្គមនាពេលបច្ចុប្បន្នកំពុងប្រឈមខ្ពស់នឹងប្រភេទបទល្មើសឆ្លងដែនជាសកល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរាជទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ម៉ាឡេស៊ី។

ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី Shaharuddin Bin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលតែងតែផ្តល់បរិយាកាសរស់នៅយ៉ាងកក់ក្តៅដល់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជា។ ភាគីទាំងពីរក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រទេសទាំងពីរនឹងបន្តសម្រេចបានលទ្ធផលរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជន៕

ប្រភព៖ ក្រសួងមហាផ្ទៃ