ក្រុងបាត់ដំបង និងខេត្តបាត់ដំបង សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ដោយបានក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការទីក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, លោកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ជាន់ថ្នាក់ ចំនួន ៤៣៨នាក់ នៅខេត្តបាត់ដំបង។
ឆ្លៀតឱកាសនេះ ដើម្បីធានានិរន្តរភាពជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់រដ្ឋបាលក្រុងកំពង់ចាម ត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ឱ្យស័ក្តិសម ជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលនៃគណៈអភិបាលក្រុង/ស្រុក សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ពិនិត្យលទ្ធភាព លើកផ្លាកតាំងបង្ហាញតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត និងនៅតាមបណ្តាស្រុកនានា ឱ្យបានផុលផុស ដើម្បីផ្តល់ព័ត៌មាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្ត និងសូមចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ១) ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!, ២) ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!
ប្រភព៖ ក្រសួងទេសចរណ៍