|

ម្រេចក្រហមខេត្តកំពតរបស់កម្ពុជា បានចូលដល់វិហារសៅលីញហើយ! ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាំយកម្រេចក្រហមខេត្តកំពតដ៏ល្បីល្បាញប្រគេនដល់ព្រះចៅអធិការវត្តសៅលីញ


បន្ទាប់ពីបាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីព្រះចៅអធិការវត្តសៅលីញ ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ បានចូលថ្វាយបង្គំ ព្រះតេជគុណ Shi Yong Xin ព្រះចៅអធិការវត្តសៅលីញ នៅក្នុងព្រះវិហារវត្តសៅលីញ។

នាឱកាសដ៏មានតម្លៃនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាននាំយកម្រេចក្រហមខេត្តកំពតដ៏ល្បីល្បាញប្រគេនដល់ព្រះចៅអធិការវត្តសៅលីញ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះតេជគុណព្រះចៅអធិការវត្ត ព្រះតេជគុណ ព្រះសង្ឈគ្រប់ព្រះអង្គ និងសិស្សានុសិស្ស ដែលស្នាក់នៅ រៀននិងហាត់ក្បាច់គុន នៅវត្តសៅលីញទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន ជាដើម ដោយក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ៕

ប្រភព៖ ក្រសួងទេសចរណ៍