ក្រសួងអប់រំ បន្តជំរុញ និងលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំងនៅតាមគ្រឹះស្ថានអប់រំ
នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ក្នុង “សន្និសីទថ្នាក់រដ្ឋមន្ត្រីអប់រំ និងការស្រាវជ្រាវ” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Toulouse ប្រទេសបារាំង។
ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងពីការផ្ដល់សារសំខាន់នៃការសិក្សាភាសាបារាំងដែលជាចំណែកមួយក្នុងការជំរុញការបង្កើតថ្មី កិច្ចសហការជាមួយប្រទេសនិយាយភាសាបារាំង និងការអភិវឌ្ឍន៍ ដែលជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងក៏នៅតែបន្តជំរុញ និងលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំងនៅតាមគ្រឹះស្ថានអប់រំដោយផ្ដោតលើការដាក់ចេញនូវវិធានការនានាជាច្រើន ដើម្បីលើកកម្ពស់កម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរ ការពង្រឹងភាពជាដៃគូជាមួយអង្គការនានា ជាពិសេសទីភ្នាក់ងារ AUF និងការលើកកម្ពស់កិច្ចសហការទ្វេភាគីរវាងសាកលវិទ្យាល័យ។
ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តជំរុញបន្ថែមការភ្ជាប់បណ្ដាញរវាងសាកលវិទ្យាល័យនានានៃប្រទេសនិយាយភាសាបារាំង ដោយជឿជាក់ថាសិស្ស-និស្សិត និងអ្នកស្រាវជ្រាវអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នជាមួយដៃគូរបស់ពួកគេក្នុងប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក។ បន្ថែមពីនេះផងដែរ ការចែករំលែកនូវបទពិសោធន៍ល្អៗ គំនិតផ្ដួចផ្ដើមការស្រាវជ្រាវថ្មីៗ ក៏អាចជាប្រធានបទនៃការជជែកពិភាក្សា និងការពិចារណារួមគ្នា រវាងអ្នកសិក្សា និងអ្នកស្រាវជ្រាវ ដើម្បីបង្កើតឱកាសក្នុងការទទួលបានការងារល្អ និងការប្រកួតប្រជែងរបស់សិស្ស-និស្សិតផងដែរ។
ឯកឧត្តមបានបន្តថា ឈរលើមូលដ្ឋាននេះ ការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង គឺជាវិធានការដ៏មានសារសំខាន់មួយដែលអាចធ្វើឱ្យសិស្ស-និស្សិតរបស់យើងមានឯករាជ្យភាពក្នុងការស្វែងយល់ ត្រិះរិះពិចារណា និងចេះដោះស្រាយបញ្ហាក្នុងសង្គមដែលមានភាពប្រទាក់ក្រឡាគ្នា៕
ប្រភព៖ MoEYS