បើកដំណើរការបាន ១ ឆ្នាំ អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ លាននាក់
គិតត្រឹមថ្ងៃទី១៦ ខែតុលានេះ អាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ បានដំណេីរការរយៈពេលមួយឆ្នាំគត់ ហេីយគិតត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤ ០០០ជើង ទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ ៣០០ ០០០នាក់ នេះបើតាមសេចក្តីប្រកាសព័ត៌មានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះដែរ អាកាសយាន្តដ្ឋានន្តរជាតិសៀមរាប អង្គរក៏បានរៀបចំពិធីគម្រប់ខួប ០១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀតក្រោមអធិបតីពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិចិន ប្រចាំកម្ពុជា និងចូលរួម។
ឯកឧត្ដម អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) នេះ គឺជាសមិទ្ធផលមួយ ដែលកើតចេញពី “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគំនិតផ្តួចផ្តើមនេះ បានពង្រីកនូវកិច្ចសហការយ៉ាងលឿន ទៅលើវិស័យសំខាន់ៗសម្រាប់ជាប្រយោជន៍ដល់ការកែលម្អ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគលើ វិស័យកសិកម្ម វិស័យដឹកជញ្ជូន ព្រមទាំងទំនាក់ទំនងគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន។
ឯកឧត្ដម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល នៅតែជារបៀបវារៈដ៏សំខាន់ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ទៅលើវិស័យសំខាន់ៗនានា និងការបង្កើតការងារ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ស្របពេល ដែលកម្ពុជាកំពុងត្រៀមខ្លួនប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប