ឯកឧត្តម នួន ផារ័ត្ន នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនក្រុមកីឡាករអុំទូក ចំនួន ៦៦ទូក មុនពេលចេញប្រកួត
ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនក្រុមកីឡាករអុំទូក មកពីបណ្តាក្រុងស្រុក ដែលស្នាក់នៅ បួនទីតាំងផ្សេងគ្នា ក្នុងក្រុងស្ទឹងសែន ដើម្បីធ្វើការប្រកកួតប្រជែងយកជ័យលាភីថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤នេះ វេលាម៉ោង ០២:០០នាទីរសៀល ដោយមានទូកសរុបចំនួន ៦៦ទូក សរុបកីឡាករទាំងអស់ចំនួន ២,០៨០នាក់ ក្នុងនោះចំណុះអុំ ១,៧០៧នាក់ កម្លាំងបំរ៉ុង ៣៧៣នាក់ ទូកខ្នាតវែង មានចំនួន ០៩ទូក ទូកខ្នាតអន្តរជាតិ ចំនួន ៤១ទូក និងទូកផ្កាចារ ចំនួន ១៦ទូក។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ដែលបាននាំទូកយកមកចូលរួមប្រកួត នៅពេលនេះ ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន ព្រមទាំងបានអំពាវនាវក្រុមកីឡាករទាំងអស់ ត្រូវទទួលទានអារហារឲ្យបានត្រឹមត្រូវ ហូបស្អាត ផឹកស្អាត ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម ត្រូវចេះថែរក្សាសុវត្តិភាពរបស់ខ្លួន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មិនត្រូវបង្កជម្លោះជាមួយមិត្ត ក្រុមកីឡាករដទៃនោះទេ ការប្រកួតប្រជែង រឿងឈ្នះចាញ់ ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ ស្លាប់រស់នោះទេ។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយចែកជូនដល់កីឡាករអុំទូកស្នាក់នៅទាំងបួនទីតាំង រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកក្រូច សាច់ជ្រូក បន្លែ ខោ អាវ មួក ព្រមទាំងថវិកាមួយចំនួន ដើម្បីត្រៀមទុកបម្រុងបរិភោគ សម្រាប់ការប្រកួតក្នុងពិធីប្រណាំងទូក និងបណ្ដែតប្រទីប
សូមបញ្ជាក់ថា ពិធីប្រណាំងទូកទាំងពីរថ្ងៃនេះ ចាប់ផ្តើមអុំនៅពេលរសៀល ហើយនៅពេលរាត្រីក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ