ក្រសួងអប់រំ នឹងសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ!
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានលើកឡើថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យមានភាពរលូន និងមានតម្លាភាព ដោយគូសបញ្ជាក់ អំពីតួនាទី របស់ប្រធាន និង អនុប្រធានមណ្ឌល ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែងនៅក្នុងមណ្ឌលប្រឡង និង តួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលា។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ ដើម្បីធានាបានថាការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ប្រភព៖ MoEYS