រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញអ្នកទេសចរបានជិត ៤ម៉ឺននាក់
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ បានចំនួន ៣៧.២១៨នាក់ ខណៈភ្ញៀវទេសចរអន្ដរជាតិមានចំនួន ១.៨៣៤នាក់។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះ ចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត រយៈពេល៣ថ្ងៃ សម្រាប់ថ្ងៃទី២១ ខែកញ្ញា ចាប់ពីម៉ោង៥ ដល់ម៉ោង៧ព្រឹក មានភ្ញៀវទេសចរចំនួន ១២.៣៥៧នាក់ ក្នុងនោះភ្ញៀវអន្ដរជាតិ ៦៣៧នាក់។ សម្រាប់ថ្ងៃទី២២ ខែកញ្ញា មានចំនួន ១៩.៥០៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ៧០៤នាក់ និង នៅថ្ងៃទី២៣ ខែកញ្ញានេះ មានចំនួន ៥.៨៤៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ៤៩៣នាក់។ លោកបញ្ជាក់ថា សម្រាប់កំណើនអ្នកទេសចរចូលទស្សនាព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំ២០២៤នេះ មានការកើនឡើងជាងឆ្នាំ២០២៣កន្លងទៅ ក្នុងរយៈពេល៣ថ្ងៃដូចគ្នា ដែលមានចំនួនត្រឹមតែ ១២.៦៣៥នាក់។
ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះជាលើកទី២ ដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ពលរដ្ឋមកពីខេត្តពោធិសាត់ បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ហើយឆ្នាំនេះលោកយាយបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។ លោកយាយថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប