|

ក្រសួងសុខាភិបាលកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ SingHealth នៃប្រទេសសិង្ហបុរី


ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ងូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងSingHealth នៃប្រទេសសិង្ហបុរី។

ក្នុងនោះដែរ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល តំណាងឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកសាស្ត្រាចារ្យជំ. Tan Hiang Khoon ប្រធាន Sing Health វិទ្យាស្ថានសុខភាពពិភពលោក។

អនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងមានគោលបំណងសំខាន់ៗ មួយចំនួនដូចជា៖ ១) រៀបចំមគ្គុទេសក៍ និងគោលការណ៍ណែនាំ ស្តីពីវិធីសង្គ្រោះជំងឺគាំងបេះដូង ២) ពង្រឹងសមត្ថភាពធនធានមនុស្សផ្នែកសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ និង ៣) ការបណ្តុះបណ្តាលសហគមន៍ ស្តីពីការសង្គ្រោះករណីគាំងបេះដូង។

នៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណទៅដល់ SingHealth នៃប្រទេសសិង្ហបុរីដែលតែងតែបានជួយឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំអនុវត្តឱ្យសម្រេចនៅគោលបំណងដែលបានកំណត់ក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ។

ប្រភព៖ ក្រសួងសុខាភិបាល