|

អង្គប្រជុំនៃរដ្ឋសភា បានបោះឆ្នោតគាំទ្រសំណើជាឯកច្ឆន្ទ ដោយ ឯកឧត្តម ហួត ហាក់ ក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈឯកឧត្តម សុខ សូកេន ប្ដូរមកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ


នាព្រឹកទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកោះសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈតែមួយគឺ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប តាមសំណើរបស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ជាលទ្ធផលរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺ ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈឯកឧត្តម សុខ សូកេន ប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបនាឱកាសនេះ ដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” ៕

ប្រភព៖ Khuon Sudary, President of National Assembly of Cambodia, National assembly of Cambodia