កម្ពុជា ដណ្តើមបានពានរង្វាន់ទេសចរណ៍ពិភពលោក “The World Travel Awards” វ៉ាដាច់ប្រទេសថៃ និងវៀតណាម ក្លាយជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី
កម្ពុជាបានវ៉ាដាច់គូប្រជែងចំនួនប្រាំមួយផ្សេងទៀតរួមទាំងប្រទេសថៃ និងវៀតណាមផងដែរដោយជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៊ីក្នុងកម្មវិធី World Travel Awards ឆ្នាំនេះ។
នេះជាលើកទី៣ហើយ ដែលកម្ពុជា ដណ្តើមបានពានរង្វាន់ទេសចរណ៍ពិភពលោក “The World Travel Awards” ។
ប្រទេសកម្ពុជាមានប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ពិសិដ្ឋមួយនិងត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ឧទ្យានទំហំ ៤០១ គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណចំនួន ៩១ ដែលសាងសង់នៅចន្លោះសតវត្សទី ៩ និងទី១៣ ។ ចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ អង្គរវត្តបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៥៨៤.៣៧៥ នាក់ ដែលរកចំណូលបានប្រមាណ ២៧.២ លានដុល្លារក្នុងការលក់សំបុត្រ នេះបើយោងតាមស្ថិតិផ្លូវការ។
គួរបញ្ជាក់ថា ពានរង្វាន់ទេសចរណ៍ពិភពលោកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ត្រូវបានចាត់ទុកថាជា “ពានរង្វាន់អូស្ការនៃឧស្សាហកម្មទេសចរណ៍” ដោយទទួលស្គាល់ភាពល្អឥតខ្ចោះក្នុងវិស័យទេសចរណ៍ ហើយត្រូវបានបោះឆ្នោតពីទាំងអ្នកជំនាញក្នុងឧស្សាហកម្មនេះ រួមទាំងសាធារណជនទូទៅ៕
ប្រភព៖ VN Express