ឯកឧត្តម នួន ផារ័ត្ន ប្រកាសគាំទ្ររាល់សកម្មភាពរបស់អង្គការ សមាគម ទាំងឡាយណា ដែលមានគោលដៅការងារច្បាស់លាស់ និងមានគោលបំណងក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋខេត្តកំពង់ធំ


ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ ខ្ញុំសូមគាំទ្ររាល់សកម្មភាពរបស់អង្គការ សមាគម សហគមន៍ ទាំងឡាយណា ដែលមានគោលដៅការងារច្បាស់លាស់ និងមានគោលបំណងក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍជីវភាពបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំនិយាយដោយឡែក និងប្រទេសកម្ពុជានិយាយជារួម។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តកំពង់ធំ ក្រោមប្រធានបទស្តីពី “ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១” នៅអគារការ ឡូវ គឹមសេង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

គួរបញ្ជាក់ថាវេទិកានេះ ជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយជាស្ថាប័នដែលរាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាដែលអាចកើតមានឡើងនៅក្នុងសង្គម ព្រមទាំងលើកទឹកចិត្តក៏ដូចជាស្នើសុំឲ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ កុំធ្វើអីខុសពីលក្ខន្តិកៈរបស់យើង៕