ព្យុះទីហ្វុង Yagi បានឆក់យកជីវិតមនុស្ស ៧៤នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា និងបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសថៃ និងឡាវ


គិតត្រឹមល្ងាចថ្ងៃទី១៣ ខែកញ្ញា ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi នៅក្នុងប្រទេសនេះបានធ្វើឱ្យមនុស្ស ៧៤ នាក់ស្លាប់ និង ៨៩ នាក់ផ្សេងទៀតបាត់ខ្លួន។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសថាមនុស្សជាង ២៣៥,០០០ នាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

ស្ថិតិផ្លូវការបង្ហាញថា ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្សជិត៣៥០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ បន្ទាប់ពីព្យុះទីហ្វុង Yagi បានបោកបក់លេីតំបន់អាសុីអាគ្នេយ៍កាលពីចុងសប្តាហ៍មុន។

ស្ថានភាពទឹកជំនន់នៅខេត្ត Nong Khai ភាគឦសានប្រទេសថៃ បានបន្តកាន់តែអាក្រក់ទៅៗ ខណៈដែលកម្ពស់ទឹកនៅតាមដងទន្លេមេគង្គនៅតែបន្តកើនឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ មនុស្សរាប់ពាន់នាក់ត្រូវប្រឈមមុខនឹងការលិចផ្ទះសម្បែង ហើយអាចមានហានិភ័យដល់ជីវិតរបស់ពួកគេ។

អាជ្ញាធរថៃបានព្រមានថា កម្ពស់ទឹកទន្លេមេគង្គអាចបន្តកើនឡើងនៅថ្ងៃបន្ទាប់ ដែលគំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ជាលទ្ធផល វិធានការឆ្លើយតបបន្ទាន់ត្រូវបានអនុវត្ត រួមទាំងការជម្លៀសអ្នកស្រុក និងការសាងសង់របាំងការពារ។

ប្រជាជនថៃត្រូវបានណែនាំឱ្យតាមដានយ៉ាងដិតដល់នូវបច្ចុប្បន្នភាពអាកាសធាតុ និងទឹកជំនន់ និងរៀបចំសម្ភារៈចាំបាច់ដើម្បីដោះស្រាយជាមួយនឹងភាពអាសន្ន។

ដោយឡែក នៅប្រទេសឡាវ ទឹកទន្លេមេគង្គបានបន្តហក់ឡើង។ អាជ្ញាធរនៃរដ្ឋធានីវៀងចន្ទន៍ បានចេញសេចក្តីជូនដំណឹងដល់ប្រជាជននៅតំបន់ទំនាប ឱ្យរៀបចំផែនការឆ្លើយតបគ្រប់ស្ថានភាព ដោយនិយាយថា ការការពារអាយុជីវិតរបស់ប្រជាជនតែងតែជាអាទិភាពកំពូល។

ប្រភព៖ Vietnam plus