| |

អង្គការសុខភាពពិភពលោក បានប្រកាសពីការជម្លៀសអ្នកជំងឺចេញពីតំបន់ហ្គាហ្សា ដែលជាការជម្លៀសដ៏ធំបំផុតចាប់តាំងពីខែតុលាឆ្នាំ២០២៣


អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនរួមជាមួយដៃគូកាលពីថ្ងៃពុធបានជម្លៀសអ្នកជំងឺ និងរបួសធ្ងន់ធ្ងរចំនួន៩៧ នាក់ ចេញពីទឹកដីប៉ាឡេស្ទីនដែលបំផ្លិចបំផ្លាញដោយសង្រ្គាមទៅកាន់ទីក្រុង Abu Dhabi សម្រាប់ការថែទាំឯកទេស។ លោក Rik Peeperkorn តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាឡេស្ទីនបានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាការជម្លៀសដ៏ធំបំផុតចេញពីតំបន់ហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំ២០២៣”។

អ្នកជំងឺ រួមទាំងកុមារចំនួន ៤៥ នាក់បានទទួលរងពីជំងឺជាច្រើនដូចជាជំងឺមហារីក ក៏ដូចជារបួសធ្ងន់ធ្ងរ និងរបួសផ្សេងៗទៀត។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានសាទរចំពោះជោគជ័យនៃ “ប្រតិបត្តិការដ៏ស្មុគស្មាញមួយ… ទោះបីជាមានបញ្ហាប្រឈម និងអសន្តិសុខធ្ងន់ធ្ងរក៏ដោយ។

អ្នកជំងឺ ១៥៥ នាក់ត្រូវបានផ្ទេរដំបូងពីទីតាំងចំនួន ៤ នៅទូទាំង Gaza ទៅកាន់មន្ទីរពេទ្យមួយនៅកណ្តាលនៃទឹកដី មុនពេលត្រូវបានហោះហើរទៅកាន់ទីក្រុង Abu Dhabi ។

WHO បាននិយាយថា វាមានភាពស្មុគស្មាញជាពិសេសក្នុងការទាញយកអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរទៅដល់ភាគខាងជើងហ្គាហ្សា។ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា អ្នកជំងឺជាង ១០,០០០ នាក់ត្រូវការការជម្លៀសផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា យ៉ាងហោចណាស់មនុស្ស ៤១,១១៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុកសងសឹករបស់អ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ខណៈដែលជាង ៩៥,០០០ នាក់បានរងរបួស។

ការវាយប្រហាររបស់ពួកហាម៉ាស់នៅខាងក្នុងប្រទេសអ៊ីស្រាអែលដែលបង្កឱ្យមានសង្រ្គាម បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១,២០៥ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល ដែលរួមបញ្ចូលទាំងចំណាប់ខ្មាំងដែលត្រូវបានសម្លាប់នៅក្នុងការជាប់ឃុំផងដែរ។

លោក Peeperkorn បាននិយាយថា ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួនអ្នកជំងឺគឺមានច្រើនជាង ២៤,០០០នាក់ ក្នុងនោះ ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នករងរបួសយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា មានតែមន្ទីរពេទ្យចំនួន១៧ ប៉ុណ្ណោះក្នុងចំណោមមន្ទីរពេទ្យ ៣៦ របស់ហ្គាហ្សា ដែលបច្ចុប្បន្ននៅដំណើរការខ្លះៗ ខណៈពេលដែលសេវាថែទាំសុខភាពបឋមត្រូវបានផ្អាកជាញឹកញាប់ ឬមិនអាចចូលដំណើរការបានដោយសារតែអសន្តិសុខ ការវាយប្រហារ និងការបញ្ជាជម្លៀសម្តងហើយម្តងទៀត៕

ប្រភព៖ CNA