|

ជនបរទេសម្នាក់បានកែរូបថតជនរងគ្រោះក្នុងសម័យប៉ុលពត រងការរិះគន់ពីមហាជនខ្មែរ


លោក Matt Loughrey សិល្បកររស់នៅប្រទេសអៀកឡង់ កំពុងធ្វើការងារមួយលើការកែលម្អ និងបន្ថែមពណ៌លើរូបថតជនរងគ្រោះក្នុងមន្ទីរឃុំឃាំង ស-២១ នាសម័យប៉ុលពត ដើម្បីធ្វើយ៉ាងណាឱ្យរូបភាពទាំងអស់នោះ មើលទៅមានលក្ខណៈរស់រវើកតាមបែបសិល្បៈ។ ប៉ុន្តែ ក្រោយការកែលម្អ រូបថតទាំងអស់ហាក់ខុសប្លែកពីសភាពដើមខ្លាំង និងផ្ទុយពីទិដ្ឋភាពពិតជាក់ស្ដែងក្នុងសម័យនោះ ជាហេតុនាំឱ្យមានការរិះគន់ពីសំណាក់មហាជនខ្មែរ ដោយពួកគេលើកឡើងថា វាជាការមិនគោរពចំពោះជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។ 

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិ VICE លោក Matt Loughrey បាននិយាយថា៖«កាលពីឆ្នាំមុន ខ្ញុំបានទទួលគម្រោងមួយលើការងារកែលម្អរូបភាពបីសន្លឹកពាក់ព័ន្ធនឹងជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ រូបទីមួយគឺបុរសវ័យក្មេងម្នាក់, រូបភាពមួយទៀតគឺជារូបគ្រួសារ និងរូបចុងក្រោយគឺជារូបភាពសម្គាល់អ្នកជាប់ទោសនៅមន្ទីរឃុំឃាំង ស-២១។ នេះគឺជាការងាររបស់ខ្ញុំ ក្នុងការកែលម្អរូបភាពទាំងអស់នោះ។ នៅពេលដែលខ្ញុំមើលរូបភាពទាំងអស់កាន់តែយូរ និងបានឃើញរូបភាពជនរងគ្រោះកាន់តែច្រើន ខ្ញុំបានគិតថា ខ្ញុំនឹងធ្វើការងារនេះឱ្យបានចប់សព្វគ្រប់។»

ក្រោយរូបភាពទាំងអស់ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គម មហាជនខ្មែរភាគច្រើន បានមានប្រតិកម្មរិះគន់ចំពោះទង្វើនេះ។ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (សសសក) បាននិយាយនៅលើគេហទំព័រហ្វេសប៊ុកលោកថា៖«ទង្វើរបស់ជនបរទេសម្នាក់ ជនជាតិអៀកឡង់ ដែលបានកែរូបថត អ្នករងគ្រោះនៅគុកទួលស្លែង (ស-២១) ហើយផ្សាយនៅកាសែតបរទេសឈ្មោះ  VICE គឺជា «ទង្វើមិនដឹងខ្យល់» ដែលខុសឆ្គងខាងសីលធម៌, ជាការធ្វើឲ្យយល់ច្រឡំចំពោះប្រវត្តិសាស្ត្រនិងឧក្រិដ្ឋកម្មខ្មែរក្រហម, និងជាការប្រមាថលេងសើចចំពោះព្រលឹងជនរងគ្រោះ។»

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺក៏មានប្រតិកម្មដែរថា៖«ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដែលបានឃើញនូវការកែរូបថតជនរងគ្រោះនៅគុកទួលស្លែង (ស២១) ដែលបង្ហាញយ៉ាងច្បាស់ថា បុគ្គលទាំងនោះ ជាពិសេសជនបរទេស ពិតជាមិនបានយល់ច្បាស់ពីសោកនាដកម្មដ៏សែនឈឺចាប់ និងខ្លោចផ្សាបំផុតរបស់ប្រជាជាតិកម្ពុជា ជាពិសេសគឺជនរងគ្រោះដែលបានឆ្លងកាត់នូវទារុណកម្ម និងការកាប់សម្លាប់នៅក្នុងគុកទួលស្លែង។

នៅក្នុងកំណត់សម្គាល់របស់និពន្ធនាយកសារព័ត៌មាន VICE បានលើកឡើងដូច្នេះ៖«យើងបានចាប់អារម្មណ៍ថា រូបភាពដែលបានចុះផ្សាយនៅក្នុងអត្ថបទនេះ ត្រូវបានកែលម្អលើសពីការបន្ថែមពណ៌។ ពួកយើងកំពុងត្រួតពិនិត្យអត្ថបទនេះឡើងវិញ និងពិចារណាក្នុងការកែលម្អព័ត៌មានមួយចំនួន។»៕

រូបភាព៖ VICE

ដោយ៖ ង៉ាយ ណៃ