លោក ពូទីន មកដល់ប្រទេសម៉ុងហ្គោលី ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់រដ្ឋសមាជិក ICC ចាប់តាំងពីមានដីកាចាប់ខ្លួន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃច័ន្ទ ដែលនេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកពូទីនទៅកាន់ប្រទេសសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាប់តាំងពី ICC បានចេញដីកាសម្រាប់ការចាប់ខ្លួនលោក កាលពគ ១៨ ខែមុនពីបទចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
ដោយឡែក កាលពីពេលថ្មីៗនេះអ៊ុយក្រែនបានអំពាវនាវឱ្យម៉ុងហ្គោលីចាប់ខ្លួន លោក ពូទីន ហើយបញ្ជូនគាត់ទៅតុលាការក្នុងទីក្រុងឡាអេ។ អ្នកនាំពាក្យរបស់ពូទីនបាននិយាយកាលពីសប្តាហ៍មុនថាវិមានក្រឹមឡាំងមិនព្រួយបារម្ភអំពីដំណើរទស្សនកិច្ចនោះទេ។ សមាជិកនៃតុលាការអន្តរជាតិមានកាតព្វកិច្ចឃុំខ្លួនជនសង្ស័យ ប្រសិនបើដីកាចាប់ខ្លួនត្រូវបានចេញ ប៉ុន្តែតុលាការមិនមានយន្តការអនុវត្តណាមួយឡើយ។
ICC បានចោទប្រកាន់លោក ពូទីន ថាជាអ្នកទទួលខុសត្រូវចំពោះការចាប់ពង្រត់កុមារពីអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នាបានអូសបន្លាយរយៈពេល ជាង ២ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរទស្សនកិច្ចនេះ ពូទីន និងមេដឹកនាំម៉ុងហ្គោលីនឹងចូលរួមពិធីមួយដើម្បីរំលឹកជ័យជម្នះឆ្នាំ១៩៣៩ របស់កងទ័ពសូវៀត និងម៉ុងហ្គោលីលើកងទ័ពជប៉ុនដែលបានកាន់កាប់ម៉ាន់ជូរីនៅភាគឦសានប្រទេសចិន ជាទីដែលទាហានរាប់ពាន់នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នាជាច្រើនខែក្នុងជម្លោះព្រំដែនរវាងម៉ាន់ជូរី និងម៉ុងហ្គោលី។
ទោះបីជាលោកពូទីនបានប្រឈមមុខនឹងភាពឯកោអន្តរជាតិជុំវិញការឈ្លានពានអ៊ុយក្រែនក៏ដោយ លោកបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាមកាលពីខែមិថុនា ហើយថែមទាំងបានទៅទស្សនកិច្ចប្រទេសចិនពីរដងកាលពីឆ្នាំមុនផងដែរ។ លោកក៏បានចូលរួមកិច្ចប្រជុំនៅទីក្រុង Johannesburg តាមខ្សែវីដេអូកាលពីឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបានបញ្ចុះបញ្ចូលប្រឆាំងនឹងគាត់ដែលបង្ហាញវត្តមានសម្រាប់កិច្ចប្រជុំកំពូល BRICS ដែលជាក្រុមដែលរួមបញ្ចូលប្រទេសចិន និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត។ អាហ្វ្រិកខាងត្បូងជាសមាជិក ICC ។
ប្រភព៖ NBC