វិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ មានការចូលរួមតាក់តែងដោយសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា ចំនួន ២៦រូប


នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈបានរៀបចំ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងដំណើរការប្រឡងប្រជែងនេះ មានបេក្ខជនដាក់ពាក្យសរុបក្នុងប្រព័ន្ធចំនួន ២២០០នាក់ ក្នុងនោះបេក្ខជនដែលមានសិទ្ធិចូលប្រឡងមានចំនួន ៧២៩នាក់ ដោយប្រើប្រាស់បន្ទប់ប្រឡងចំនួន ១៨ បន្ទប់។

ជាមួយគ្នានេះ សម្រាប់ការតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ គឺមានការចូលរួមពីសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា ចំនួន ២៦រូប

សូមជម្រាបថា គណៈកម្មការរៀបចំតាក់តែងវីញ្ញាសា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្តល់បញ្ជីឈ្មោះសមាសភាពសាស្ត្រាចារ្យ ស្មើនឹង ២ដង នៃចំនួនដែលត្រូវការ (ក្នុង ១វិញ្ញាសា) ដើម្បីឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង ជាអ្នកជ្រើសរើសដោយផ្ទាល់ និងដោយសម្ងាត់បំផុត។ សាស្ត្រាចារ្យចំនួន ២៦រូប ត្រូវបានបែងចែកទៅតាមវិញ្ញាសាទាំងបី រួមមាន៖ វិញ្ញាសាទី១ ជំនាញបច្ចេកទេស តាក់តែងដោយសាស្ត្រាចារ្យ ១៥រូប លើ ៥ជំនាញ (ច្បាប់, រដ្ឋបាលសាធារណៈ, វិស្វកម្មសំណង់ស៊ីវិល, ស្ថាបត្យកម្ម និងព័ត៌មានវិទ្យា) ដែលក្នុងមួយជំនាញមានសាស្ត្រាចារ្យ ៣រូប, វិញ្ញាសាទី២ ភាសាអង់គ្លេស តាក់តែងដោយសាស្ត្រាចារ្យ ៣រូប និងវិញ្ញាសាទី៣ ពហុចម្លើយពាក់ព័ន្ធមុខងារសាធារណៈ, ក្រមសីលធម៌, គោលនយោបាយ… តាក់តែងដោយសាស្ត្រាចារ្យ ៣រូប និងពហុចម្លើយពាក់ព័ន្ធជំនាញឯកទេស តាក់តែងដោយសាស្ត្រាចារ្យ ៥រូប)៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ