ក្រសួងអប់រំ ចង់ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ឱ្យក្លាយជាវិទ្យាស្ថានគរុកោសល្យខេត្តកណ្ដលនាពេលអនាគត
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្នុងឱកាសដំណើរទស្សនកិច្ចពិនិត្យការបណ្តុះបណ្តាល និងសំណេះសំណាលការងារ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីរីករាយ ដែលបានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាលនេះ និងបានសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ លើបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាលើកឡើងពីចក្ខុវិស័យក្រសួងអប់រំ ដែលចង់ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ឱ្យក្លាយជាវិទ្យាស្ថានគរុកោសល្យខេត្តកណ្ដលនាពេលអនាគត។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្នុងគោលដៅផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព ផ្តល់ឱ្យសិស្សនិស្សិតនូវបំណិនសតវត្សទី២១ វិជ្ជាជីវៈគ្រូបង្រៀនពេញលេញ ស្របតាមស្តង់ដាគ្រូបង្រៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដូចតទៅ៖
-ស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធ រៀបចំផែនការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យបានល្អ ស័ក្ដិសមជាវិទ្យាស្ថានគរុកោសល្យ
-ត្រូវមានចក្ខុវិស័យ និងយន្តការច្បាស់លាស់
-ខិតខំពង្រឹងសមត្ថភាពឱ្យក្លាយជាគ្រូឧទ្ទេស ឈានទៅបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន
-មានការប្តេជ្ញាចិត្ត បង្ហាត់បង្រៀនសិស្សនិស្សិតឱ្យក្លាយជាគ្រូបង្រៀន ដែលមានចំណេះដឹង និងវិជ្ជាជីវៈច្បាស់លាស់ គោលដៅអភិវឌ្ឍន៍គុណវុឌ្ឍិគ្រូបង្រៀន
-រៀបចំនូវធនធានសិក្សាឱ្យបានគ្រប់គ្រាន់ ដូចជាឯកសារ និងសៀវភៅគោលនានាដែលពាក់ព័ន្ធ
-សិក្សាស្វែងយល់ពីស្តង់ដាសាលាគរុកោសល្យគំរូទាំង៥ ឱ្យបានសុីជម្រៅ ដើម្បីត្រៀមរៀបចំនូវផែនការប្រែក្លាយជាសាលាគរុកោសល្យគំរូ ដែលក្នុងនោះរួមមាន៖ (១). លទ្ធផលបណ្តុះបណ្តាល (២). ធនធានបណ្តុះបណ្តាល (៣). កិច្ចសហប្រតិបត្តិការ (៤). អភិបាលកិច្ចល្អ និង (៥). ការស្រាវជ្រាវ និងនវានុវត្តន៍។
-លើកទឹកចិត្តឱ្យគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ ដូចជាគីមីវិទ្យា ឬជីវវិទ្យា ព្យាយាមធ្វើពិសោធន៍ឱ្យបានច្រើន ដើម្បីឱ្យគរុសិស្សចេះធ្វើពិសោធន៍ នៅពេលចេញបម្រើការងារជាគ្រូបង្រៀន
-សហការជាមួយសាលាល្អ និងគ្រូល្អ ក៏ដូចជាអាចសិក្សាបន្ថែមពីការអប់រំពីប្រទេសក្រៅ ដោយក្រសួងអប់រំ នឹងផ្តល់ជាអាហារូបករណ៍ ក៏ដូចជាទស្សនកិច្ចក្រៅប្រទេសជូនចំពោះ បុគ្គលិកអប់រំនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាលនាពេលខាងមុខ ដើម្បីឱ្យសិក្សារៀនសូត្រ និងស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីៗជាដើម
-គ្រូដែលចេញថ្មីត្រូវមានគុណភាពស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងមានសមត្ថភាពលើផ្នែក ICT ឯកទេសឌីជីថល និង ជំនាញសតវត្សទី២១។
បន្ថែមលើនេះ តាងនាម ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំទាំងអស់នាកន្លងមក និងបានជឿជាក់ថា ប្រសិនបើមានការប្តេជ្ញាចិត្ត មានការរៀបចំផែនការច្បាស់លាស់ និងការចូលរួមសហការពីគ្រប់អ្នកពាក់ព័ន្ធ នោះមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នឹងអាចសម្រេចបាន នូវការប្រែក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូសតវត្សទី២១ នាពេលអនាគត៕
ប្រភព៖ MoEYS