|

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា


ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App»នៅខេត្តសៀមរាប នារសៀលថ្ងៃទី ១៩ខែ សីហា ឆ្នាំ ២០២៤ ក្នុងគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបឋម (Soft Launch) កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយកកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគង ជាការស្រេច (ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន)។ ការណ៍នេះ នឹងកាត់បន្ថយបញ្ហាលំបាកដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣,៣លានទីតាំង ដែលមានសញ្ញា KHQR code។

លោកជំទាវបណ្ឌិត មានប្រសាសន៍ថា៖ «នាពេលឆាប់ៗខាងមុខ បន្ទាប់ពីការដាក់ដំណើរការបឋមបានជោគជ័យ ខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរនឹងកាន់តែស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីទូទាត់នេះ ហើយវានឹងក្លាយជាជម្រើសដ៏ប្រសើរនៃមធ្យោបាយទូទាត់ថ្មី ប្រកបដោយភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅប្រទេសកម្ពុជា»។

លោកជំទាវទេសាភិបាល មានការជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកជំរុញនវានុវត្តន៍និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ឱ្យបានទូលំទូលាយ ដើម្បីទាញប្រយោជន៍ឱ្យអស់លទ្ធភាពពីការប្រើប្រាស់សមិទ្ធផល ដែលបានដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ។

លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា៖ សមិទ្ធផលដែលសម្រេចបាននេះ គឺអាស្រ័យដោយធនាគារជាតិនៃកម្ពុជា បានអនុវត្តកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់លើវិស័យធនាគារ និងស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្រោមការយកចិត្តទុកដាក់ ការផ្តល់អនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង ដែលមានមុខងារជាប្រព័ន្ធទូទាត់កន្លោង កាលពីខែតុលា ឆ្នាំ២០២០ និងមានការគាំទ្រយ៉ាងច្រើនពីមជ្ឈ ដ្ឋានជាតិ និងអន្តរជាតិ។

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប