| |

តារាចម្រៀងរ៉េបកម្ពុជា VannDa លេចមុខលើសារព័ត៌មានអន្តរជាតិជាច្រើន បន្ទាប់ពីបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស


នៅក្នុងពិធីបិទនៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង មានតារាចម្រៀង តារារ៉េប ល្បីៗជុំវិញពិភពលោកបានចូលរួម ខណ:វណ្ណដា តារារ៉េបខ្មែរ បានបង្ហាញវត្តមានផងដែរ ដោយទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរួមមាន៖ CNEWS, 20 minutes, Yahoo, Le Parisien , Main Stand

លោក ម៉ាន់ វណ្ណដា ហៅ​ថា វណ្ណដា សិល្បករ​ខ្មែរ​អាយុ​២៧​ឆ្នាំបានជ្រើសរើសបទចម្រៀងមួយបទមកបកស្រាយគឺបទ Time to Rise មកសម្ដែង ដោយមានការ Mix ភ្លេងថ្មី បង្កើតជារសជាតិប្លែកមួយទៀតសម្រាប់អ្នកគាំទ្រ និងអ្នកទស្សនាទាំងអស់ គាត់​បាន​ឡើង​ឆាក​ស្តាត ដឺ បារាំង (Stade de France) ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរផងដែរ។

សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។កីឡាអូឡាំពិកបារីសនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង បើកនៅលើទឹកទន្លេសែន និងបញ្ចប់នៅពហុកីឡដ្ឋានជាតិ ហើយមានកំណត់ត្រា និងអត្ថប្រយោជន៍លើសពីការរំពឹងទុកបើប្រៀបធៀបនឹងព្រឹត្តិការណ៍មុនៗ ដោយសហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕

(ប្រភព: 20 minutes)