|

បឹងកេតអាចយក៣ពិន្ទុបានទេក្នុងជំនួបជាមួយក្រុមកំពូលតារាង ភ្នំពេញក្រោន?


ក្រុមការពារដំណែងជើងឯកបឹងកេតនឹងបើកទ្វារកីឡាដ្ឋាន ខេមបូឌា អ៊ែរវ៉េ ទទួលក្រុមភ្ញៀវ ភ្នំពេញក្រោន សម្រាប់ការប្រកួតសប្ដាហ៍ទី៥ ជម្រើសជើងឯក ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ នៅរសៀលថ្ងៃអង្គារ ស្អែកនេះ។ សម្រាប់អ្នកគាំទ្របាល់ទាត់ ជំនួបនេះ ត្រូវបានគេចាត់ទុកថា ជាការប្រកួតដ៏ធំ និងជក់ចិត្ត រវាងក្រុមខ្លាំងពីរក្នុងលីគកំពូលកម្ពុជា។ ដូច្នេះ នៅមុនការប្រកួតដ៏សំខាន់មកដល់ យើងគួរស្វែងយល់នូវព័ត៌មានខ្លះៗ និងប្រវត្តិជួបគ្នាកន្លងមករបស់ក្រុមទាំងពីរជាមុនសិន។  

ឆ្លងកាត់ការប្រកួតក្នុងសប្ដាហ៍ដំបូង ក្រុមការពារដំណែងជើងឯកចាស់ បឹងកេត ហាក់ធ្វើមិនសូវបានល្អប៉ុន្មានឡើយ ដោយរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមណាហ្គាវើលដ៍ ក្នុងលទ្ធផល ០ទល់១។ ផ្ទុយស្រឡះពីបឹងកេត អតីតម្ចាស់ជើងឯក៦សម័យកាល ភ្នំពេញក្រោន ចាប់ផ្ដើមរដូវកាលបានយ៉ាងល្អ ដោយពីរប្រកួតដំបូងរបស់ពួកគេ ឈ្នះទាំងពីរប្រកួត បច្ចុប្បន្ន មាន៦ពិន្ទុ និងកំពុងឈរនៅលើកំពូលតារាង។

ក្នុងសន្និសីទសារព័ត៌មាននៅមុនការប្រកួត លោក គីម ភក្ដី គ្រូបង្គោលក្រុមបឹងកេតបានលើកឡើងថា៖«ពិតណាស់ ភ្នំពេញក្រោនជាក្រុមល្អបំផុតមួយក្នុងលីគកំពូលកម្ពុជា។ តែយ៉ាងណាក៏ដោយ យើងបានត្រៀមខ្លួនរួចជាស្រេច ជាពិសេស នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាន ៣ពិន្ទុនៅក្នុងការប្រកួតដ៏សំខាន់នៅថ្ងៃស្អែកបន្ទាប់ពីខនខានឱកាសនៅប្រកួតដំបូង។»

លោក គីម ភក្ដី គ្រូបង្គោលក្រុមបឹងកេត បានបញ្ជាក់ទៀតថា៖«សម្រាប់ការប្រកួតនេះ យើងនឹងមានការផ្លាស់ប្ដូរសមាសសភាពកីឡាករមួយចំនួន ដើម្បីកែប្រែប្រសិទ្ធភាពនៃការលេងរបស់យើងឱ្យប្រសើរជាងមុន។»

ជាមួយគ្នានេះ គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi  ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការប្រកួតខាងមុខលើគេហទំព័ររបស់ក្លិបថា៖«វាគឺជាការប្រកួតដ៏ធំមួយ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ពួកគេព្យាយាមប្រកួតប្រជែងគ្នាដើម្បីបានលេងក្នុងការប្រកួតនេះ ។ បឹងកេតជាក្រុមមួយដែលល្អនៅ MCL ព្រោះគេទើបតែទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងក៏ស្រេកឃ្លានជាមួយនឹងជ័យជម្នះ និងពានរង្វាន់ដូចគ្នា។ »

គួររំឭកថា បើយោងតាមស្ថិតិនៃការប្រកួត៥លើកចុងក្រោយរវាងក្រុមទាំងពីរ បឹងកេតធ្វើបានល្អជាង ដោយឈ្នះពីរប្រកួត ស្មើពីរ និងចាញ់មួយ៕

រូបភាព៖បឹងកេត

ដោយ៖ង៉ាយ ណៃ