|

ក្រសួងការបរទេសកម្ពុជា៖ «សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្ដីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធមនុស្ស ដែលតម្រូវឱ្យធ្វើជាគម្រូឱ្យគេ ដោយផ្ដើមចេញពីខ្លួនឯងនោះឡើយ។»


កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក​ ស្ដីពីស្ថានភាពសិទ្ធមនុស្សក្នុងប្រទេសកម្ពុជា ដោយបានលើកឡើងថា សហរដ្ឋអាមេរិកមិនបានលើកឡើងពីបញ្ហាសិទ្ធមនុស្សរបស់ខ្លួនក្នុងរបាយការណ៍នោះទេ។​ ជាក់ស្ដែង សហរដ្ឋអាមេរិកក៏មិនបានគោរពតាមគោលការណ៍សិទ្ធមនុស្ស និងបានប្រើប្រាស់ស្ដង់ដារពីរវាយតម្លៃស្ថានភាពសិទ្ធមនុស្សក្នុងរបាយការណ៍របស់ខ្លួន។

ក្នុងសេចក្ដីថ្លែងការណ៍នោះ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ ព្រមទាំងបង្ហាញក្ដីបារម្ភចំពោះរបាយការណ៍ប្រចាំឆ្នាំនេះ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា៖«សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្ដីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធមនុស្ស ដែលតម្រូវឱ្យធ្វើជាគម្រូឱ្យគេ ដោយផ្ដើមចេញពីខ្លួនឯង។ អ្វីដែលគួរឱ្យហួសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រាសិទ្ធមនុស្សរបស់ខ្លួនឯងទេ ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភសិទ្ធមនុស្សរបស់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។»

អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា៖ «របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវមួយសម្រាប់វាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធខ្លះហួសពីសិទ្ធដ៏ទៃ ព្រមទាំងបដិសេធលក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៍ជាទូទៅដែលកម្ពុជាទទួលបាន នៅក្នុងដែនដ៏ទូលាយនៃសិទ្ធមនុស្ស។»

ម៉្យាងវិញទៀតខ្លឹមសារនៃរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកឆ្នាំនេះ មានការផ្លាស់ប្ដូរប្លែកពីគ្នា អាស្រ័យទៅតាមភាពជិតស្និទ្ធឬលក្ខណៈយុទ្ធសាស្ត្របែបណាដែលប្រទេសនីមួយៗមានជាមួយសហរដ្ឋអាមេរិក។

ដោយគ្មានអាណត្តិជាក់ស្ដែងណាមួយដែលផ្ដល់ដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកតែងតែប្រកាន់យកតួនាទីគ្របដណ្ដប់លើគេ នៅក្នុងការរិះគន់ជាឯកតោភាគីនិងតាមអំពើចិត្ត អំពីស្ថានភាពសិទ្ធមនុស្សរបស់ប្រទេសដទៃទៀត។  សេចក្ដីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះ៕

ដោយ៖ ង៉ាយ ណៃ