ចប់នៅ DOE ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសតែមួយមុខ ឬយ៉ាងណា?


េដប៉ាតឺម៉ង់ភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ថា DOE គឺជាដេប៉ាតឺម៉ង់ឈានមុខគេ និងមានបទពិសោធន៍ច្រើនជាងគេក្នុងការអប់រំ និងបង្រៀនភាសាអង់គ្លេស តាំងពីឆ្នាំ១៩៨៨មកម្លេះ។ រហូតមកដល់ពេលនេះ និស្សិតដែលបានបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់ភាសាអង់គ្លេស មានចំនួនប្រមាណជាជាង៧០០០នាក់។

ចម្ងល់មួយក្នុងចំណោមសំណួរជាច្រើនបានលើកឡើងថា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រពី DOE នឹងក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសតែមួយមុខ ឬយ៉ាងណា?

ដើម្បីស្រាយចម្ងល់ខាងលើ ក៏ដូចជាចែករំលែកនូវព័ត៌មានសំខាន់ៗមួយចំនួនទៀត ទាក់ទិននឹងការសិក្សានៅ DOE អ្នកគ្រូវ័យក្មេង សមត្ថភាពខ្លឹម ដែលគាត់កំពុងតែបង្រៀនផ្ទាល់នៅដេប៉ាតឺម៉ង់ខាងលើ បានផ្តល់កិត្តិយសផ្តល់បទសម្ភាសជាមួយនឹងក្រុមសារព័ត៌មាន BRANDMEDIA តាមរយៈបណ្តាញទំនាក់ទំនង Telegram។

ស្ថិតក្នុងកិច្ចសន្ទនាតាមបែបទម្លាប់ថ្មីនេះ អ្នកគ្រូ ជ័យ សុត្ថារ័ត្ន បានផ្តើមជាមួយនឹងព័ត៌មានទូទៅបែបនេះថា៖ DOE មានថ្នាក់បរិញ្ញបត្រ ដែលផ្តោតទៅលើជំនាញឯកទេស ចំនួន៤ធំៗ។ ជំនាញទី១គឺ៖ បរិញ្ញាបត្រអប់រំផ្នែកបង្រៀនភាសាអង់គ្លេស (B.Ed in TEFL) ជាមុខជំនាញបណ្តុះបណ្តាលនិស្សិតអោយក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស។ ជំនាញទី២គឺ៖ បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង (BA in English for Professional Communication) ជាមុខជំនាញបណ្តុះបណ្តាលនិស្សិតអោយមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងការងារ។ ជំនាញទី៣គឺ៖ បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ការបកប្រែ (BA in English for Translation and Interpreting) ជាមុខជំនាញបណ្តុះបណ្តាលនិស្សិតអោយក្លាយជាអ្នកបកប្រែសរសេរ និងផ្ទាល់មាត់អាជីព។ និងជំនាញទី៤គឺ៖ បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មអន្តរជាតិ (BA in English for International Business) ជាមុខជំនាញបណ្តុះបណ្តាលនិស្សិតអោយមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានច្បាស់លាស់ក្នុងវិស័យធុរៈកិច្ច។

សាស្ត្រាចារ្យមកពីរាជធានីភ្នំពេញរូបនេះបន្តថា៖ ក្នុងចំណោមនិស្សិតដែលបានបញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់ភាសាអង់គ្លេស (មួយភាគធំ) បម្រើការជាគ្រូបង្រៀនតាមគ្រឹះស្ថានសិក្សា និងវិទ្យាស្ថាននានា ឬជាមុខងារផ្សេងៗក្នុងវិស័យអប់រំ ឬវិស័យធនធានមនុស្សក្នុងគ្រឹះស្ថានឯកជននានា ព្រោះទ្រឹស្តី និងការអនុវត្តលើជំនាញបង្រៀន លើការ វិវត្តន៍នៃវិស័យអប់រំ ការសិក្សាស្រាវជ្រាវ ព្រមទាំងការប្រើប្រាស់ និងវិភាគភាសា អង់គ្លេស។

“ទន្ទឹមនឹងជំនាញបង្រៀនភាសាអង់គ្លេស ប្អូនៗដែលចង់មានជំនាញបកប្រែ ឬការប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងការងារ ឬការប្រើប្រាស់ភាសាអង់គ្លេសក្នុងវិស័យធុរៈកិច្ច ក៏អាចជ្រើសរើសជំនាញមួយក្នុងចំណោមនេះ សម្រាប់សិក្សានៅឆ្នាំបញ្ចប់បានដែរ” សាស្ត្រាចារ្យ ជ័យ សុត្ថារ័ត្ន បញ្ជាក់ដូច្នេះ។

ក្រៅពីបង្ហាញអត្ថប្រយោជន៍ដែលនិស្សិតនឹងទទួលបានក្រោយបញ្ចប់ការសិក្សា អ្នកគ្រូដែលមានបទពិសោធន៍បង្រៀនជាង៦ឆ្នាំរូបនេះបញ្ជូនសារទៅកាន់ប្អូនៗដែលមានបំណងចង់ប្រឡងចូលសិក្សានៅ DOE យ៉ាងដូច្នេះថា៖

“ចំពោះប្អូនៗដែលពុំទាន់ទទួលបានជោគជ័យក្នុងការប្រឡងចូលរៀនថ្នាក់មូលដ្ឋានកន្លងមកនេះ ហើយនៅតែមានបំណងចង់ចូលរៀននៅឆ្នាំក្រោយ នាងខ្ញុំសូមលើកទឹកចិត្តឱ្យប្អូនៗ បន្តអនុវត្តលំហាត់ក្នុងកម្រងសៀវភៅវិញ្ញាសារពីឆ្នាំមុនៗ ព្រមទាំងព្យាយាមប្រើប្រាស់ភាសាអង់គ្លេសឱ្យបានច្រើនកាលៈទេសៈ តាមរយៈការអានអត្ថបទនានា ការស្តាប់ និងប្រាស្រ័យទាក់ទងទូទៅ។ ចំណែកឯប្អូនៗ ដែលបានទទួលជោគជ័យ ក្នុងការប្រឡងកន្លងមកនេះ ជំហានបន្ទាប់ក្នុងដំណើរការសិក្សា ស្ថិតលើការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ប្អូន។”

អ្នកគ្រូ ជ័យ សុត្ថារ័ត្ន

ជារួមនៃកិច្ចសម្ភាសន៍ប្រកដដោយភាពសិទ្ធិស្នាលនេះ អ្នកគ្រូញញឹមស្រស់ ជ័យ សុត្ថារ័ត្នបន្ថែមសារជាទស្សនទានចុងក្រោយថា៖ នាងខ្ញុំជឿថា ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការសិក្សា ប្អូនៗគួរអនុវត្តឱ្យបានច្រើន លើការអាន ស្តាប់ គិត និយាយ ឬសរសេរ ក្នុងភាសាដែលប្អូនៗកំពុងចាប់យក។ លើសពីនេះ ប្អូនៗគួរតែរក្សាកូនកម្លាំងជំរុញចិត្ត (motivation) និងការខិតខំឱ្យបានថេរ ឬកើនឡើងពីឆ្នាំមូលដ្ឋាន ដល់ឆ្នាំបញ្ចប់។ បន្ថែមពីនេះ ប្អូនៗគួរតែមានគោលដៅកំណត់ និងគម្រោងក្នុងការសិស្សាជារៀងរាល់សប្តាហ៍ ដើម្បីជួយខ្លួនក្នុងការរៀបចំពេលវេលា សម្រាប់សិក្សា កម្សាន្ត និងគ្រួសារ។

“យ៉ាងណាមិញ បូកផ្សំនឹងការសិក្សាផ្ទាល់ក្នុងថ្នាក់រៀន គន្លឹះមួយទៀតដែលជួយឱ្យប្អូនៗត្រូវយកចិត្តទុកដាក់នោះគឺ ការហ្វឹកហាត់ជំនាញទន់ (soft skills) តួយ៉ាងដូចជា ការចូលរួមកម្មវិធីប្រឡងប្រជែងលើសមត្ថភាពនានា ឬកម្មវិធីស្ម័គ្រចិត្ត ឬកម្មវិធីផ្លាស់ប្តូរការសិក្សា ឬការងាររយៈពេលខ្លីដូចជា internship or part-time job ជាដើម”៕