|

អាជ្ញាធរជាតិអប្សរា ចេញសារឆ្លើយតបទៅនឹងមតិរិះគន់ជុំវិញការកាប់រំលំដើមឈើធំៗនៅតំបន់អង្គរ


ថ្មីៗនេះ សាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ជុំវិញការកាប់ រំលំ ដើមឈើ ធំៗដែលមានអាយុកាលរាប់រយឆ្នាំ នៅខាងមុខខ្លោងទ្វារទន្លេអុំក្នុងតំបន់អង្គរក្រោមហេតុផលថា ការពារកុំឱ្យមានការដួលរលំដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា អាជ្ញាធរអប្សរាគួរមានមន្ត្រីជំនាញចុះទៅសិក្សា និងពិនិត្យមើលឱ្យបានច្បាស់លាស់ និងមានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ?

ឆ្លើយតបទៅនឹងការលើកឡើងទាំងនេះ អាជ្ញាធរជាតិអប្សរា បានចេញសារបញ្ជាក់ថា «មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។ ការដកហូតនៅពេលនេះ គឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀង និងខ្យល់ខ្លាំង។ រហូតដល់ពេលនេះ អាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ។»