|

ភ្នំយ៉ាវយ៉ៃភូមិសាស្ត្រដែលឧទ្ធម្ភាគចក្រធ្លាក់ ជាភ្នំខ្ពស់ជាងគេលំដាប់ទី៧ របស់កម្ពុជា


គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ បានប្រទះឃើញអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃសុក្រ ទី១២ ឆ្នាំ២០២៤។ សាកសព ត្រូវបានរកឃើញនៅចម្ងាយប្រមាណ ២១០ ម៉ែត្រពីកន្លែងដែលឧទ្ធម្ភាគចក្របានធ្លាក់ និងត្រូវបានរកឃើញមួយថ្ងៃក្រោយរកឃើញទីតាំងធ្លាក់ ខណៈអាកាសយាននិកម្នាក់ទៀត ឈ្មោះ ឆៃយុទ្ធ ត្រូវបានរកឃើញស្លាប់នៅលើកៅអីយន្តហោះតែម្ដង។

ទីតាំងដែលឧទ្ធម្ភាគចក្រធ្លាក់ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានគេស្គាល់ថាជាភ្នំដែលខ្ពស់ជាងគេលំដាប់ទី៧ នៅកម្ពុជា មានកម្ពស់ ១៣៥៨ ម៉ែត្រ។

គួរបញ្ជាក់ថា ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា គឺភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១៨១៣ ម៉ែត្រ មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ដោយឡែក ភ្នំខ្ពស់លំដាប់ទី២ គឺភ្នំសំកុស ដែលមានកម្ពស់ ១៧១៧ ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់ ទី៣ គឺភ្នំខ្មោច មានកម្ពស់ ១៦៦៦ ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់ ទី៤ គឺភ្នំជ្រៃម្លូ មានកម្ពស់ ១៦១៨ ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទី៥ គឺភ្នំក្រចៅ មានកម្ពស់ ១៥៩៥ ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់ ទី៦ ភ្នំក្បាលឫស្សី មានកម្ពស់ ១៤០៣ ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់ ទី៧ គឺភ្នំយ៉ាងយ៉ៃ ទី៨ ភ្នំទំពណ៌ មានកម្ពស់ ១៣១២ ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់ ទី៩ ភ្នំថ្មចាំង មានកម្ពស់ ១២៧៩ ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងទី១០ គឺភ្នំខ្លាឃ្មុំ មានកម្ពស់១២៥៥ ម៉ែត្រ ស្ថិតក្នុងខេត្តពោធិ៍សាត់៕