សម្ដេច ហ៊ុន សែន៖ ពលរដ្ឋគួរស្នាក់នៅផ្ទះ និងចៀសវាងការធ្វើដំណើរកម្សាន្តនៅថ្ងៃចូលឆ្នាំ
នៅថ្ងៃទី៣១ ខែមីនានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារាចរណែនាំ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងនូវការរៀបចំកម្មវិធីអ៊ូអរ និងការធ្វើដំណើរមិនចាំបាច់ឆ្លងរាជធានី-ខេត្ត។
ក្នុងសារាចរណែនាំនោះ សម្ដេច ហ៊ុន សែន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយរដ្ឋាភិបាលអនុវត្តនូវវិធានការចំនួនប្រាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះ សម្ដេច នាយករដ្ឋមន្រ្តី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់៖«សូមនៅជួបជុំគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំចាច់ និងចៀងវាងការធ្វើដំណើរទៅកាន់ ឬ ចេញ-ចូលតំបន់ ឬ ទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។»
ទន្ទឹមនឹងនេះ សម្ដេច ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋ គួរផ្អាកការរៀបចំកម្មវីធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយ ដែលមានសភាពអ៊ូអរ និងមានមនុស្សច្រើន ហើយត្រូវបន្តអនុវត្តវិធានការ«៣ ការពារ និង៣ កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតសម្ដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។
ចំណែកឯក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលដោយប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពជូនអ្នកដំណើរលើយានយន្តរបស់ខ្លួន។ សម្ដេច បញ្ជាក់ក្នុងសារាចរយ៉ាងដូច្នេះ៕
ដោយ៖ ង៉ាយ ណៃ