|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី “និស្សិតកម្ពុជាម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុវិស័យ២០២៥”


ផ្តើមពីការអបអរសាទរដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ដល់និស្សិតទាំងអស់ អំពីតម្លៃ និងភាពសំខាន់ក្នុងនាមជាធនធានសក្តានុពលរបស់កម្ពុជា ចំពោះការរួមដំណើរជាមួយរាជរដ្ឋាភិបាលដើម្បីការសម្រេចចក្ខុវិស័យ២០២៥ នាឱកាសនៃការទទួលជួបសំណេះសំណាល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថានិស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុវិស័យ២០២៥ ហើយភាពជោគជ័យរបស់ទាំងអស់គ្នា មិនមែនដាច់ដោយឡែកពីភាពជោគជ័យនៃសង្គមជាតិឡើយ ព្រោះយើងទាំងអស់គ្នាមានការផ្សារភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់សង្គមកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងអាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយចាត់ទុកធនធានមនុស្សជាអាទិភាព និងការផ្តល់បរិយាកាស និងពង្រីកឱកាសជាបន្តបន្ទាប់ជូនដល់មន្ត្រីរាជការ និងយុវជនជាសិស្សនិស្សិត ដើម្បីអភិវឌ្ឍចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់ធនធានមនុស្សកម្ពុជា ហើយជឿកជាក់ថាប្រតិភូនិស្សិតកម្ពុជាគ្រប់ៗរូប នឹងខិតខំប្រឹងប្រែងក្នុងការសម្រេចជោគជ័យក្នុងការសិក្សា ហើយត្រលប់មកវិញរួមគ្នាប្រើប្រាស់សមត្ថភាព កម្លាំងរួម ក្នុងទិសដៅរួមតែមួយ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ។

សូមជូនពរដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលនឹងត្រូវចេញដំណើរទៅសិក្សានាពេលដ៏ខ្លីខាងមុខនេះ សូមទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ប្រភព៖ ក្រសួងមុខងារសាធារណៈ