អ្នកនិយមលេងបណ្ដាញសង្គមថៃ រិះគន់ យ៉ាងចាស់ដៃលើការរចនាឯកសណ្ឋាន សម្រាប់អត្តពលិកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក !


អាវពណ៌ខៀវដែលរចនាឡើងសម្រាប់អត្តពលិកអូឡាំពិករបស់ប្រទេសថៃបានទទួលការរិះគន់ជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត ដែលជំរុញឱ្យនាយករដ្ឋមន្រ្តីស្រេដ្ឋា ថាវស៊ីន អំពាវនាវឱ្យមានការគួរគោរព។

អាវធំ ដែលអត្តពលិកថៃនឹងពាក់ក្នុងពិធីបើក Paris២០២៤ ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការតាមអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ុន្តែក៏ទទួលបានការប្រតិកម្មភ្លាមៗពីសំណាក់ប្រជាជនថៃ ជាពិសេសអ្នកលេងបណ្ដាញសង្គម ដោយពួកគេបានលើកឡើងថា វាអន់ជាងឯកសណ្ឋាន អូឡាំពិក របស់ប្រទេសផ្សេងទៀត។

អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន បាន អំពាវនាវ ឱ្យអ្នករចនាម៉ូដអាវនេះ កែ សម្រួល និងធ្វើឱ្យវាកាន់តែស័ក្ដិសម សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ព្រោះ ព្រឹត្តិការណ៍កីឡានេះមានតែម្ដងប៉ុណ្ណោះក្នុងរយៈពេល ៤ ឆ្នាំ ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថៃ បានចេញមុខការពារ អ្នករចនា ដោយ និយាយថា “ខ្ញុំជឿថាយើងត្រូវតែគោរពអ្នក រចនា។ ខ្ញុំសុំឱ្យអ្នករាល់គ្នាកុំផ្តោតលើរឿង តូចតាចបែបនេះ ប៉ុន្តែគួរផ្តោតលើបញ្ហា ដូចជាគ្រឿងញៀនជាដើម ដែលវាសំខាន់ជាងរឿងនេះទៅទៀត»។

អាវពណ៌ខៀវដែលមានលំនាំប្រពៃណីត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាថៃ Grand Sport និងមជ្ឈមណ្ឌលរចនាម៉ូដក្រណាត់ និងវាយនភ័ណ្ឌនៃសាកលវិទ្យាល័យ Udon Thani Rajabhat ។

អ្នករចនាបាននិយាយថា ការបោះពុម្ពនេះត្រូវបានបំផុសគំនិតដោយលំនាំពីតំបន់បុរាណវិទ្យា Ban Chiang ក្នុងខេត្ត Udon Thani ដែលត្រូវបានដាក់ឈ្មោះជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៩២។ ដូចគ្នាដែរ ឯកសណ្ឋាននេះត្រូវបានផលិតចេញពីក្រណាត់កែច្នៃដែលធ្វើពីដបប្លាស្ទិកក្នុងគោលបំណងបំពេញតាមនិន្នាការនិរន្តរភាព។ .

អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា អ្នករចនាចង់លើកកម្ពស់អំណាចទន់របស់ប្រទេសថៃ និងបានផលិតឯកសណ្ឋាននេះដោយគិតគូរាតៅលើបញ្ហាអាកាសធាតុក្នយងប្រទេសថៃផងដែរ។ លោកក៏បាននិយាយដែរថា កីឡាករថៃគ្រប់រូប គួរតែផ្តល់ការលើកទឹកចិត្តដល់សមាជិកក្រុមជម្រើសជាតិ ព្រោះ ពួកគេនឹងត្រូវបង្ហាញពីអត្តចរិតកីឡា និង សម្រស់វប្បធម៌ក្នុងព្រឹត្តិការណ៍កីឡា ដែល ប្រព្រឹត្តិទៅពីថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី ១១ សីហា ខាងមុខនេះ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sermsak Pongpanit បាននិយាយថា ទោះបីជាឯកសណ្ឋានបែបថៃ មើលទៅស្អាតក៏ដោយ ប៉ុន្តែវាអាចមិនត្រូវបានទទួលយកជាសកលនោះទេ។ លោកថាលោកនឹងយកបញ្ហានេះទៅ ពិភាក្សាជាមួយគណៈកម្មាធិការ ជាតិ អូឡាំពិកនៃប្រទេសថៃ ដែលទទួលខុសត្រូវ លើការរចនាឯកសណ្ឋាន ដែលអត្តពលិក ពាក់ក្នុងពិធីប្រកួត។

លោក សោម ស័ក្តិ បន្ថែមថា« ប្រជាជនថៃ រិះគន់ចំពោះការរចនា ព្រោះពួកគេចង់ឱ្យវា ល្អឥតខ្ចោះតាមដែលអាចធ្វើទៅបាន ដូច្នេះ អ្នកទទួលខុសត្រូវលើបញ្ហានេះគួរយក ចំណុចនេះមកពិចារណា»។

ប្រភព៖ The Nation/ANN