|

ចំណុចមួយចំនួន ដែលដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សាលើកនេះ មានភាពខុសប្លែកពីការប្រឡងកន្លងមក!


នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បន្តរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វេនបន្ត នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

តាមរយៈដំណើរការនៃការរៀបចំការប្រឡងនេះដែរ គេសង្កេតឃើញចំណុចមួយចំនួន ដែលដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សាលើកនេះ មានភាពខុសប្លែកពីការប្រឡងកន្លងមកដូចជា ការរៀបចំបន្ទប់ប្រឡង និងមណ្ឌលមានលក្ខណៈខុសប្លែកដោយចំនួនបន្ទប់ និងមណ្ឌល នឹងត្រូវរៀបចំតាមចំនួនលេខស្វីតចាប់ពី លេខ១ ដល់លេខចុងក្រោយ។ ជាមួយគ្នានេះ សមាសភាពអនុគណៈកម្មការ នឹងជ្រើសរើសចេញពីថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា។

លើសពីនេះ ក្រសួងបានគិតគូររៀបចំស្របតាមស្ថានភាព ដោយការបង្កើតអោយមានលេខ Hotline ដើម្បីផ្តល់ព័ត៌មានទូទៅអំពីការប្រឡងជូនបេក្ខជន មានស្តង់ព័ត៌មានក្នុងមណ្ឌល (សម្របសម្រួលផ្តល់ព័ត៌មានផ្ទាល់ក្នុងមណ្ឌលដល់បេក្ខជន ក៏ដូចជាការជួយសម្រួលបេក្ខជនដែលបានបាត់ ឬខ្វះខាតឯកសារផ្សេងៗ នៅថ្ងៃប្រឡង និងផ្តល់លិខិតអនុញ្ញាតបេក្ខជនចូលរួមប្រឡង មានការរៀបចំធុងទឹកកក និងទឹកតាមទីតាំងគោលសំខាន់ៗ ដែលបេក្ខជនអាចយកបាន បន្ថែមស្ដង់សម្រាប់អាណាព្យាបាលសិស្សដែលមកពីបណ្ដារាជធានីខេត្តដើម្បីរងចាំបេក្ខជនចេញពីមណ្ឌលប្រឡង និងរៀបចំឱ្យមានស្ដង់ផ្ដល់ព័ត៌មានសម្រាប់ទំនាក់ទំនងរវាងបេក្ខជន និងអាណាព្យាបាល។

ដោយឡែក ចំពោះជនពិការ អ្នកជំនាញបានទាក់ទងទៅសាមីខ្លួនសួរនាំអំពីស្ថាភាពពិការ ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីមិនប្រក្រតីណាមួយ (ដោយចេតនា ឬអចេតនា) ធានា ឱ្យបាននូវសណ្តាប់ធ្នាប់ និងការរៀបចំដែលឆ្លុះបញ្ចាំងពីភាពច្បាស់លាស់ តម្លាភាព យុត្តិធម៌ និងផ្តល់ជំនឿទុកចិត្តជូនដល់បេក្ខជន និងសារធារណជន។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា មានបេក្ខជនដាក់ពាក្យស្នើសុំប្រឡងក្នុងប្រព័ន្ធ សរុបចំនួន ៦៧,០១៧នាក់ ក្នុងនោះបេក្ខជនដែលមានសិទ្ធិប្រឡងសរុប ចំនួន ៣៨,១៦៨ នាក់/ស្រ្តីចំនួន ២៨,៤៥៦ នាក់ បេក្ខជនមានពិការភាពចំនួន ១៦៧ នាក់។ ក្នុងចំណោមបេក្ខជនទាំងនោះ ក្រសួងនឹងធ្វើការសម្រាំងយកប្រមាណ ៤,០៤១ នាក់ ខណៈចំនួនដែលត្រូវជ្រើសរើសមានចំនួន ១ ,៣៤៧នាក់ ដោយកម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ៣០០ នាក់ និងកម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ១០៤៧នាក់៕