| |

ដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជាទៅប្រទេសចិន គឺជារបត់ដ៏សំខាន់ក្នុងការជំរុញកិច្ចសហការក្នុងក្របខណ្ឌឧត្តមសិក្សាក្នុងទ្រង់ទ្រាយធំ


ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡាដែលមាន ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកវិស័យឧត្តមសិក្សា ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា រួមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាច្រើនរូបទៀត ដើម្បីបំពេញទស្សនកិច្ចនៅខេត្តហេឡុងជានប្រទេសចិន តបការអញ្ជើញរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន
(Harnin Institute of Technology)។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សារវាងកម្ពុជា-ចិន។

តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានទៅទស្សនាសារមន្ទីរផ្នែកអាវកាសរបស់ចិន និងបានជួបជាមួយនិស្សិតកម្ពុជាដែលទទួលបានអាហាររូបករណ៍ ហើយកំពុងសិក្សានៅសាកលវិទ្យាល័យហាប៊ីន ដើម្បីស្វែងយល់ពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមនានារបស់ពួកគាត់។ ជាមួយគ្នានេះ ប្រតិភូកម្ពុជាក៏បានជួបជាមួយបណ្តាញសាកលវិទ្យាល័យធំៗរបស់ចិន ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ២ គឺ៖ ១.កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ ជាមួយសាកលវិទ្យាល័យផ្សេងៗ ជុំវិញការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ តាមរយៈកម្មវិធីអាហាររូបករណ៍ និងទី២. គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្ដាសាកលវិទ្យាល័យដែលត្រូវបានអញ្ជើញក្នុងដំណើរទស្សនកិច្ចនេះរួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីឈានទៅដល់ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នានៅពេលឆាប់ៗនេះ។

ជាលទ្ធផលនៃជំនួបនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនបានទទួលការឯកភាព រួមទាំងការសម្រេចបាននូវវឌ្ឍនភាពនៃកិច្ចពិភាក្សាស្ដីពីការចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងកម្រិតក្រសួងជាមួយនិងសាកលវិទ្យាល័យហាប៊ីន រួមទាំងការចុះអនុស្សរណៈពីកម្រិតសាកលវិទ្យាល័យជាមួយសាកលវិទ្យាល័យ ដែលនឹងផ្តល់ឱកាសដល់សាកលវិទ្យាល័យជាដៃគូអាចចាប់ផ្តើមកិច្ចសហប្រតិបត្តិការ MOA តាមរយ:ផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ នៅក្នុងគម្រោងស្រាវជ្រាវ ការរួមគ្នានៅក្នុងគម្រោងអាជីវកម្មផ្សេងៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមធុរជនកម្ពុជា-ចិនផងដែរ។

សូមជម្រាបថា សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ជាសាកលវិទ្យាល័យឈានមុខគេខាងផ្នែកបច្ចេកវិទ្យានៅទូទាំងប្រទេសចិន និងជាសាកលវិទ្យាល័យដ៏ល្បីល្បាញលំដាប់លេខ៤ នៅលើពិភពលោក ខាងផ្នែកបច្ចេកវិទ្យាទំនាក់ទំនង និងអវកាស។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ គឺជារបត់មួយដ៏សំខាន់ក្នុងការជំរុញកិច្ចសហការក្នុងក្របខណ្ឌឧត្តមសិក្សាក្នុងទ្រង់ទ្រាយធំ ដែលនឹងអាចជួយជំរុញគុណភាពអប់រំកម្ពុជានៅថ្នាក់ឧត្តមសិក្សា ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍផ្នែកបច្ចេកទេស នវានុវត្តន៍ ដើម្បីឈានឆ្ពោះទៅការសម្រេចបានជាប្រទេសដែលមានប្រាប់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។