| |

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ


រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។

គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។​ រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង​ ក្រសួងធនធានទឹក​ និងឧតុនិយមរៀបចំខាងក្រៅ​ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត​ ហេីយក៏សូមមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ​ ពិសេសបងប្អូនប្រជាជនយេីងទាំងអស់គ្នា។

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល