|

សាច់បង្កកខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចម្រុះនាំចូលជាង ១៧តោនត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូត


(កណ្តាល)៖ នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស  ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។

ជាលទ្ធផល មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)  និងការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី រីឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ។