សម្ដេចតេជោប្រធានព្រឹទ្ធសភា៖ កម្ពុជាចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ដោយពឹងផ្អែកលើការខិតខំដោយខ្លួនឯង ពុំពឹងផ្អែកទៅលើភាពអនុគ្រោះ ឬជំនួយពីខាងក្រៅ
នេះជាការលើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបជាមួយ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្ដេចតេជោ បានស្នើសុំឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តការងារ ជាពិសេស ការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និង ការអភិវឌ្ឍធនធានមនុស្ស។
សម្ដេច បានចាត់ទុកថា បើសិនជាពុំមានជំងឺរាតត្បាតកូវីដ-១៩ មកយាយីដល់យើង ប្រហែលកម្ពុជាអាចនឹងឆ្លងដកខ្លួនចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចបានលឿន។ តែទោះជាយ៉ាងណាក៏ដោយ ដោយមានការគាំទ្រពីបណ្ដាប្រទេសជាមិត្តភក្ដិ និងការខិតខំប្រឹងប្រែងដោយខ្លួនឯងផង កម្ពុជាបានបើកប្រទេសឡើងវិញ ចាប់ផ្ដើមមានកំណើនសេដ្ឋកិច្ចឡើងខ្ពស់ជាបន្តបន្ទាប់ ។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជា កំពុងតែជំរុញការនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗ នៅអឺរ៉ុប នៅអាមេរិក និង ប្រទេសជប៉ុន កូរ៉េ ចិន ឱ្យកាន់តែធំថែមទៀត នៅក្នុងក្របខ័ណ្ឌ នៃ RCEP ដែលបានចូលជាធរមាន AFTA កិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចសេរី ជាមួយ ចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម … ។ ជាមួយគ្នានេះដែរ កម្ពុជា កំពុងតែខិតខំស្វែងរកបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា កម្ពុជាចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ដោយពឹងផ្អែកលើការខិតខំដោយខ្លួនឯង ដោយពុំពឹងផ្អែកទៅលើភាពអនុគ្រោះឬជំនួយពីខាងក្រៅ។ នៅលើទំនាក់ទំនងទ្វេភាគីផងដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ស្នើដល់ភាគីអាល្លឺម៉ង់ ជំរុញការចរចាដើម្បីឈានដល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និង សហភាពអឺរ៉ុប។ សម្តេចបានសម្ដែងការរីករាយ ក្នុងការបន្តកិច្ចការដែលបានធ្វើជាមួយគ្នា ពិសេស ជំរុញទេសចរអាឡឺម៉ង់មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ សម្តេចជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ នៅទីក្រុងសៀមរាប អាចនឹងជួយជំរុញវិស័យទេសចរណ៍ផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ និង ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីបញ្ហាប្រឈមនានានៅក្នុងតំបន់និងសកលលោក រួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ប្រភព៖ SHS