|

សិស្សានុសិស្សជាង ២ ពាន់នាក់ ស្មើនឹង ៧០០ ក្រុម បានចូលរួមបង្ហាញស្នាដៃក្នុងកម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤


ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤ របស់វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី (NGS) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានិងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី គណៈគ្រប់គ្រង បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្សទាំងអស់ដែលរៀននៅវិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី (NGS) អាចយកស្នាដៃរបស់គាត់ ដែលបានមកពីការរៀននៅក្នុងសាលា ដែលរួមមាន ការផ្នែកធ្វើរ៉ូប៉ូត ផ្នែកការនិពន្ធ ផ្នែកពិសោធន៍ ផ្នែកនិយាយជាសាធារណ: ផ្នែកតន្ត្រី ផ្នែកគំនូរ និអក្សរផ្ចង់ចិនជាដេីម ដើម្បីមកបង្ហាញជូនសាធារណ:ជន ជាពិសេសអាណាព្យាបាល លោកគ្រូអ្នកគ្រូ និងមិត្តភក្តិ ដេីម្បីឱ្យដឹងអំពីទេពកោសល្យរបស់សិស្សានុសិស្សរបស់វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី (NGS) និងបង្កើនភាពភាពទុកចិត្តលើគុណភាពអប់រំនៃគ្រឹះស្ថានសិក្សាសាធារណៈ។

តាមរយៈការពិព័រណ៍ស្នាដៃនេះដែរ មានការចូលរួមពីសិស្សានុសិស្សសរុបជាង ២,៣០០នាក់ ដោយនៅក្នុងនោះសិស្សានុសិស្សទាំងអស់តម្រូវឱ្យចូលរួមគ្នាជាក្រុម ដែលក្នុងមួយក្រុម៤នាក់ និងមានសរុបចំនួន ៧០០ក្រុម។

គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤ ក៏ជាការផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានចូលរួមអនុវត្តបំណិនសតវត្សរ៍ទី២១ តាមរយៈសមិទ្ធផល និងស្នាដៃរបស់ក្រុមនីមួយៗ ព្រមទាំងជំរុញភាពក្លាហានរបស់សិស្សានុសិស្សលើការអភិវឌ្ឍចំណេះ ជំនាញ ទេពកោសល្យរៀងខ្លួនផងដែរ។