ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្សនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស និងប្រកាសតែងតាំងគណៈកម្មាធិការគណៈបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្សនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ នៅសាលប្រជុំមន្ទីរគណបក្សរាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកអំពីការតស៊ូលះបង់ក្នុងបុព្វហេតុជាតិជាច្រើន របស់គណៈបក្សប្រជាជនកម្ពុជា ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្ររួមមាន ការរំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាព ពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជំងឺកូវីដ-១៩។ ក្នុងរយៈកាលជាង ៤៥ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ក្នុងការដឹកនាំ ដ៏គួរឱ្យជឿជាក់ សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងកត្តាសំខាន់៣ សម្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងសាខាគណបក្សនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ត្រូវអនុវត្តន៍ រួមមាន៖ ១).ក្តាប់ឱ្យជាប់នូវកម្មវិធីរបស់គណបក្សប្រជាជន គោលការណ៍ដឹកនាំរបស់គណបក្ស បង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ២).ថែរក្សាឱ្យបានសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស ៣).ក្នុងនាមជាមន្ត្រីគណបក្ស ក៏ដូចជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ត្រូវបន្តចូលរួម គាំទ្រ រាល់ការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ របស់យើង ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពមួយដែលសម្តេចធិបតី អនុប្រធានគណបក្ស និងក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ទិសដៅនៃការងារអាទិភាពរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាជិក-សមាជិកាបក្ស ត្រូវខិតខំអភិវឌ្ឍន៍ចំណេះដឹង និងកសាងសមត្ថភាព ឱ្យក្លាយជាធនធានមនុស្ស សម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើន។
សូមជម្រាបថា កម្មវិធីនារសៀលនេះ មានការឡើងអានពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តរបស់តំណាងសមាជិកគណបក្សថ្មី ព្រមទាំងការអានសេចក្តីសម្រេចយល់ព្រមបញ្ចូលជាសមាជិកគណបក្ស និងតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្សនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ដោយប្រធានគណៈចាត់តាំង និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអធិបតីប្រគល់សេចក្តីសម្រេច និងត្រាជូនគណៈកម្មាធិការគណបក្សមូលដ្ឋានទាំង៧៕