ពលរដ្ឋកេនយ៉ាជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេផ្ទុះកំហឹងតវ៉ាប្រឆាំងនឹងការដំឡើងពន្ធ
ការតវ៉ាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសកេនយ៉ា ដោយមនុស្សរាប់រយនាក់ត្រូវបានឃុំខ្លួន ខណៈដែលពលរដ្ឋបាននាំគ្នាតវ៉ា ជុំវិញការដំឡើងពន្ធនៅក្នុងប្រទេសអាហ្រ្វិកខាងកើតដែលកំពុងប្រឈមនឹងការកើនឡើងតម្លៃរស់នៅរួចស្រាប់ទៅហើយ។
ក្រុមសង្គមស៊ីវិលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៨៣ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃអង្គារ។ ជុំវិញច្បាប់ដ៏ចម្រូងចម្រាសនេះ រដ្ឋាភិបាលបានប្រឈមមុខនឹងការរិះគន់នៅក្នុងរដ្ឋធានីណៃរ៉ូប៊ីកាលពីថ្ងៃអង្គារហើយត្រូវបានបង្ខំឱ្យធ្វើវិសោធនកម្មជាថ្មី បន្ទាប់ពីបាតុកររាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភារបស់ប្រទេស។
សេចក្តីថ្លែងការណ៍មួយពីប្រធានាធិបតីនៃប្រទេសកេនយ៉ាបាននិយាយថា ក្នុងចំណោមពន្ធដែលត្រូវបានព្យួរគឺ ពន្ធលើតម្លៃបន្ថែម ១៦% លើនំប៉័ង និងពន្ធ ២.៥% លើយានយន្ត។ ការដំឡើងថ្លៃសេវាផ្ទេរប្រាក់តាមទូរស័ព្ទដែលត្រូវបានស្នើឡើង រួមជាមួយនឹងពន្ធលើប្រេង និងបន្លែផងដែរ។ លើសពីនេះទៀត ពន្ធលើផលិតផលដែលផលិតក្នុងស្រុក ដូចជាក្រណាត់កន្ទបទារក និងកន្សែងអនាម័យ ត្រូវបានទម្លាក់ចោល ក៏ត្រូវបានតំឡើងផងដែរ។
ទោះយ៉ាងណាក៏ដោយ ប្រជាជនកេនយ៉ាខ្លះមិនពេញចិត្តនឹងការផ្លាស់ប្តូរនេះ ហើយបានអំពាវនាវឱ្យលុបចោលគម្រោងនេះទាំងស្រុង។ ក្រុមសង្គមស៊ីវិលនិយាយថា ទោះបីជាមានការចាប់ខ្លួនរាប់សិបនាក់ក៏ដោយ បាតុកម្ម នឹងនៅតែបន្ត។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធបានបង្ហាញពីក្រុមអ្នកតវ៉ាមួយក្រុមដែលកំពុងដើរទាំងភ្លៀងនៅទីក្រុង Mombassa ដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ពួកគេចំពោះច្បាប់នេះ។
កាលពីព្រឹកថ្ងៃពុធបណ្តាញទូរទស្សន៍ CNN NTV បានចែករំលែកវីដេអូរបស់ប៉ូលិសដែលបំបែកក្រុមបាតុករ Mombasa ដោយ ឧស្ម័នបង្ហូរទឹកភ្នែក។ វាមិនត្រូវបានគេដឹងភ្លាមៗថាតើមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Mombasa ដែលជាទីក្រុងធំទីពីររបស់ប្រទេសកេនយ៉ានោះទេ។
ការិយាល័យ Amnesty International របស់ប្រទេសកេនយ៉ាបាននិយាយថា ខ្លួនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីនៅក្នុងទីក្រុង Nairobi កាលពីថ្ងៃអង្គារ។
ដោយឡែក អង្គការសិទ្ធិមនុស្សបាននិយាយថា ភ្នាក់ងារប៉ូលីសកេនយ៉ាបានបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះសិទ្ធិក្នុងការតវ៉ា ដោយជ្រើសរើសយកការបំបិទមាត់ ការមិនពេញចិត្តតាមរយៈការបង្ខំ និងការគំរាមកំហែង។ សម្ព័ន្ធនៃក្រុមសង្គមស៊ីវិលបានអំពាវនាវឱ្យមានការដោះលែងអ្នកតវ៉ាដែលត្រូវបានឃុំខ្លួនដោយគ្មានលក្ខខណ្ឌ រួមមានអ្នកកាសែតផងដែរ។
សម្ព័ន្ធភាពបាននិយាយថា “ការប្រើប្រាស់កម្លាំងហួសហេតុ ការបំភិតបំភ័យជនស៊ីវិល ការរំលោភលើភាពឯកជនតាមរយៈការចាប់ខ្លួនតាមអំពើចិត្ត គឺជាការរំលោភសិទ្ធិរដ្ឋធម្មនុញ្ញរបស់ប្រជាជនកេនយ៉ា”។
ប្រភព៖ CNN