|

ជាតិ និងប្រជាជនជាធំ៖ កុំឱ្យប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតកេីតឡេីងម្តងទៀត


​ថ្ងៃ១៨​ មីនា ១៩៧០ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលប្រជាជនខ្មែរគ្រប់រូបតែងចងចាំ និងដិតដាមក្លាយជាស្លាកស្នាមដំបៅរហូតមកដល់បច្ចុប្បន្ន។

រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ពី​ព្រះប្រមុខរដ្ឋ​ ជាព្រឹត្តិការណ៍ដ៏គួរឱ្យខ្លាចរកទីបំផុតគ្មាន ដោយហេតុថាវាអាចជាបុព្វហេតុចម្បងរុញនគរខ្មែរឱ្យធ្លាក់ចូលក្នុងភ្នក់សង្រ្គាម បែកបាក់សង្គម ការទម្លាក់​គ្រាប់បែក​ពី​សំណាក់​អាមេរិក និង​ការកើនឡើង​នៃ​ចលនា​កុម្មុយនីស្ត​រហូត​បណ្តាល​ឲ្យ​មានសង្គ្រាម​ឥណ្ឌូចិន​លើក​ទី​បីផ្ទុះឡេីង ព្រមទាំងនាំនាវាកម្ពុជាធ្លាក់ក្នុងជ្រោះសែនជ្រៅនៃរបប​ដ៏ខ្មៅ​ងងឹតយង់ឃ្នង បណ្តាលឱ្យប្រជាជន​ខ្មែរ​ស្លាប់អស់​រាប់លាន​នាក់​ អ្វីៗធ្លាប់មានប្រែជាបាត់បង់ស្មេីសូន្យ។

“ថ្ងៃនេះ ៥១ ឆ្នាំហើយដែលជាថ្ងៃមួយយើងមិនត្រូវភ្លេចទេគឺរដ្ឋប្រហារលន់ណុលដែលបានបណ្តេញសម្តេចឪចេញហើយបាននាំមកនូវជំពូកដ៏ខ្មៅបំផុតនៃប្រវត្តិសាស្ត្រកម្ពុជាបន្ទាប់ពីឯករាជ្យ។” នេះជាខ្លឹមសារសរសេរឡេីងដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នាព្រឹកមិញនេះលេីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

ស្ថិតក្នុងឱកាសខួប៥១ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារ ក្នុងសំណេរដដែល អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺរូបនេះសរសេរផ្តាំផ្ញេី ពិសេសក្រេីនរំលឹកដល់យុវជនសម័យសន្តិភាព សម័យសកលភាវូបនីយកម្ម ត្រូវគិតគូពីប្រយោជន៍ជាតិ និងសុខទុក្ខប្រជាជនជាធំ។

* We must remember not to point fingers, but to prevent history from repeating itself

ដែលអាចមានអត្ថន័យជាភាសាខ្មែរថា

* យើងត្រូវតែចងចាំថា យេីងមិនត្រូវចង្អុលមុខគ្នាឡេីយ ប៉ុន្តែយេីងត្រូវរក្សាការពារកុំឱ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះកើតមានឡើងសារជាថ្មី។

ក្នុងន័យនេះ ស្មារតីនៃវប្បធម៌ចែករំលែករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ការរួមសុខរួមទុក្ខ និងការជួយយកអាសារគ្នាគ្រប់កាលៈទេសៈ និងគ្រាលំបាក គឺជាតម្លៃមរតកខ្មែរតាំងពីបុរាណកាល ដែលយេីងគ្រប់រូបជាជនរួមជាតិត្រូវអភិរក្ស និងអភិវឌ្ឍ៕