|

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព សម្រាប់ឥណ្ឌូនេស៊ី


នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងថា សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ហើយដែលឥណ្ឌូណេស៊ី បានបន្តការងារជាប្រធានអាស៊ានដោយកសាងលើសមិទ្ធផលរបស់កម្ពុជា នៅឆ្នាំ២០២៣។ ឯកឧត្តម ក៏បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣កន្លងមក ប្រទេសឥណ្ឌូណេស៊ីចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយនិងពីការចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវនៅកម្ពុជាតែម្ដង។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការងារ ជាមួយ ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ។ សម្ដេចក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ីកន្លងទៅនេះ ដែលឯកឧត្តម Prabowo Subianto ត្រូវចូលកាន់តំណែងជាប្រធានាធិបតី នៅខែតុលាខាងមុខនេះ ។

ចំពោះកិច្ចសហប្រតិបត្តិការនិងវិនិយោគ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ថា ៖ ទី១) គឺត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង ។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ហើយសម្ដេចតេជោបានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត ។ ការវិនិយោគដោយត្រង់នេះ នឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក អាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយសាធារណរដ្ឋឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។ ទី២)ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សម្ដេចតេជោ សង្កេតឃើញថាមានទំហំកើនឡើង តែមិនទាន់អស់សក្កានុពលដែលប្រទេសទាំងពីរមាននៅឡើយ ។ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះថា យើងមានកិច្ចព្រមព្រៀងមួយចំនួន ដូចជាក្នុងក្របខណ្ឌ AFTA និង RCEP ជាដើម ។ ទី៣)ទាក់ទងវិស័យសុខាភិបាល សម្ដេចតេជោប្រធានព្រឹទ្ធសភា បានណែនាំឱ្យ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ធ្វើការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរ និង មានការចាប់អារម្មណ៍ទៅលើការរីកចម្រើននូវវិស័យបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ីផងដែរ។

ប្រភព៖ SHS
រូបភាព៖ AKP